(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ វិលត្រឡប់មាតុភូមិកម្ពុជាវិញហើយ ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរមួយចំនួន ក្រោយបំពេញទស្សនកិច្ចនៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃរចមក។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបានទទួលជួបពិភាក្សាជាមួយនឹងគណៈកម្មការអភិវឌ្ឍទេសចរណ៍ខេត្តយូណាន និងប្រធានវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន រួមជាមួយនឹងក្រុមហ៊ុនវិនិយោគមួយចំនួន និងបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Chen Shun អភិបាលរងខេត្តយូណាន។
បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន
លោកបានដឹកនាំប្រតិភូទៅទស្សនកិច្ចនៅទីក្រុងតាលី ដែលជាទីក្រុងទេសចរណ៍ស្វយ័តដ៏ល្អត្រកាលមួយ របស់ខេត្តយូណាន ដែលមានភ្នំទឹកកក Cheng San វត្តព្រះពុទ្ធសាសនាបុរាណ ទីក្រុងបុរាណតាលី ដែលមានអាយុកាលបរាប់រយឆ្នាំហើយ ហើយបច្ចុប្បន្នបានអភិរក្ស និងអភិវឌ្ឍន៍ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ។
ជាលទ្ធផល ខេត្តយូណានបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឲ្យបានសកម្មចំពោះគម្រោងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលភាគីទាំងពីរបានពិភាក្សាគ្នា រួមមាន៖
១៖ វិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន សហការជាមួយនឹងដៃគូដែលមានក្រុមហ៊ុន Yunnan Expo Tourism Group Holdings,. Ltd និងក្រុមហ៊ុន Union Group ដើម្បីធ្វើការសិក្សា និងជួយបង្កើតវិទ្យាស្ថានជាតិទេសចរណ៍មួយនៅកម្ពុជា។ ចំពោះមុខនេះ ជាជំហានដំបូងវិទ្យស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន នឹងទទួលយកមគ្គទ្ទេសក៍ទេសចរណ៍កម្រិតខ្ពស់កម្ពុជា និយាយភាសាចិន ចំនួន២០នាក់ ទៅសិក្សាបំពេញវិជ្ជាជំនាញបន្ថែមជាមគ្គទ្ទេសក៍ទេសចរណ៍ និយាយភាសាចិននៅខេត្តយូណាន ចាប់ពីខែកុម្ភៈខាងមុខនេះ។
២៖ ទាក់ទងទៅនឹងការងារបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ក្រុមហ៊ុន Yunnan Expo Tourism Group Holdings,. Ltd នឹងខិតខំជំរុញការវិនិយោគនៅកម្ពុជា នៅតំបន់សៀមរាបអង្គរ ពិសេសលើផលិតផលនៅជំរុញតំបន់ទីក្រុង និងទន្លេសាប ព្រមទាំងតំបន់ជុំវិញទីក្រុងភ្នំពេញ និងតំបន់ឆ្នេរសមុទ្រផងដែរ។
៣៖ ភាគីទាំងពីរ ចិន-កម្ពុជា ក៏បានឯកភាពគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍ រវាងខេត្តយូណាន ខេត្តសៀមរាប ភ្នំពេញ និងតំបន់មាត់សមុទ្រ ពិសេសជំរុញការតភ្ជាប់ពីទីក្រុងទេសចរណ៍តាលី មកកាន់ទីក្រុងទេសចរណ៍សៀមរាប ភ្នំពេញ និងតំបន់មាត់សមុទ្រ ពីព្រោះថាទីក្រុងតាលី ជាទីក្រុងទេសចរណ៍មួយដ៏ល្អស្អាត ដែលមានធាតុអាកាសត្រជាក់ពេញមួយឆ្នាំ កម្រិតពី១៥ ទៅ ១៨អង្សាសេ ព្រមទាំងមានរមណីយដ្ឋានដ៏ស្អាត និងល្បីៗជាច្រើននៅទីនោះ។
គិតមកដល់ពេលនេះ ជាមួយនឹងការនាំមកនូវទេសចរអន្តរជាតិ ៥.៦លាននាក់ នៅឆ្នាំ២០១៧នេះ វិស័យទេសចរណ៍កម្ពុជាបានផ្តល់ការងារដោយផ្ទាល់ បានជាង៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។ វិស័យទេសចរណ៍កម្ពុជា បានរួមចណែកប្រមាណ៍ ១៣% នៃ GDP និងប្រមាណ ៣០% នៃសេវាសរុបទូទាំងប្រទេស។
ក្រសួងទេសចរណ៍ បានរៀបចំរួចហើយនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ២០១៧-២០២៥ ដោយក្នុងនោះនៅឆ្នាំ២០២០ អាចផ្តល់ការងារប្រមាណជិត១លាននាក់ និងប្រមាណ១.២លាននាក់ ក្នុងឆ្នាំ២០២៥ និងប្រមាណ១.៧លាននាក់ នៅ២០៣០៕