(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខឡាវ សម្រាប់ឆ្នាំ២០១៨ កាលពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋធានីវៀងច័ន្ទ សម្តេចក្រឡាហោម ស ខេង និង លោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ បានអបអរសាទរ ចំពោះលទ្ធផលជាផ្លែផ្កា ដែលភាគីទាំង២ សហការគ្នាសម្រេចបានក្នុងឆ្នាំ២០១៧ ជាពិសេសរវាងខេត្តជាប់ព្រំដែន និងកងកម្លាំងនគរបាលនៃប្រទេសទាំង២ ក្នុងការថែរក្សាសន្តិសុខ តាមតំបន់ព្រំដែន និងសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បង្ការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាមួយគ្នានោះដែរ នៅក្នុងកិច្ចប្រជុំពិភាក្សា និងចុះហត្ថលេខាលើកំណត់ហេតុនោះ សម្តេចក្រឡាហោម ស ខេង និងលោក ស៊ុម កែវ ស៊ីឡាវង្ស បានឯកភាពបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យកាន់តែសកម្មផុលផុសថែមទៀត។
ដោយភាគីទាំង២បានឯកភាព ប្រគល់ភារកិច្ចជូនអាជ្ញាធរមានសមត្ថកិច្ច នៃភាគីទាំងសងខាងបន្តកិច្ចសហការជិតស្និត ផ្តល់ព័ត៌មានទៅវិញទៅមក ឲ្យបានទាន់ពេលវេលា ក្នុងការសហការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន មុខសញ្ញាគ្រឿងញៀន តាមសំណើរបស់ភាគីនីមួយៗ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវផងដែរ។ ភាគីទាំង២ បានសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង និងសហការដោះស្រាយបាតុភាពផ្សេងៗ តាមព្រំដែន ដោយសន្តិវិធី ឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការល្អជាប្រទេសជិតខាងគ្នា។
ទន្ទឹមនេះ ភាគីទាំង២នឹងបន្តខិតខំជួយសម្របសម្រួលដល់គណៈកម្មការព្រំដែន នៃប្រទេសទាំង២ ដើម្បីបំពេញ កិច្ចការរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងទទួលជោគជ័យ៕