(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាកម្លាំងស្នូល និងជាឆ្អឹងខ្នងដ៏ចាំបាច់មួយត្រូវតែមានឧត្តមគតិស្នេហាជាតិ មាតុភូមិ គោរពស្រឡាញ់ប្រជាជន មានឆន្ទះប្រយុទ្ធប្តូរផ្តាច់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាព សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងទប់ស្កាត់រាល់ឧបាយកលជនអគិតមួយចំនួនតូចមានបំណងធ្វើបដិវត្តន៍ពណ៌។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាបែបនេះ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចអញ្ជើញជា អធិបតីក្នុងពិធីបិទ សិក្ខាសាលាបូកសរុបការងារលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់កងទ័ពជើងទឹក នៅបញ្ជការដ្ឋានកងទ័ពជើងទឹក រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នាពេលថ្មីៗនេះកងយោធពលខេមរភូមិន្ទ បានប្តេជ្ញាបង្កើនរៀបចំរចនាសម្ព័ន្ធជាកម្រិតចល័យយ៉ាង ឆាប់រហ័ស ដើម្បីត្រៀមធ្វើការឆ្លើយតបក្នុងកំឡុងពេលមានសំណើចាំបាច់របស់អង្គការសហប្រជាតិ។ មិនតែប៉ុណ្ណោះកងយោធពលខេមរភូមិន្ទ បានបង្កើនយោធានារីរហូតដល់១៥ភាគរយ តាមការស្នើសុំរបស់អង្គការសហប្រជាជាតិផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំពោះវិស័យកីឡាវិញកងយោធពលខេមរភូមិន្ទ បានឈានមុខគេចំនួន៣៤ ស្ថាប័នទូទាំងប្រទេស ដោយបានដណ្តើមមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ពាន និងខ្សែក្រវ៉ាត់ក្នុងការប្រកួតកម្រិតអាស៊ាន និងពិភពលោកផងដែរ។ ដោយឡែកកងទ័ពជើងទឹកមានបង្កើតស្នាដៃជាច្រើនគួរឲ្យគត់សំគាល់ ជាពិសេសបានចូលចំណែកយ៉ាងខ្លាំងការចូលរួមកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាក់សង្គម និងការកសាងប្រព័ន្ធការពារជាតិនៅតាមបណ្តាកោះនានានៅក្នុងលម្ហសមុទ្រ លើដែនដីអធិបតេយ្យកម្ពុជាផងដែរ៕