(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់រថយន្តកុងតឺន័របុកម៉ូតូ បានផ្តាច់ជីវិតមនុស្ស ៣នាក់ ជាស្វាមី-ភរិយា និងឪពុក ខណៈកូនប្រុសតូចម្នាក់បានរងរបួសធ្ងន់។ ហេតុការណ៍ការណ៍គ្រោះថ្នាក់ចរាចរដ៏សង្វេគនេះ បានកើតឡើងនៅម៉ោងជា៧ព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តស្លែង នៅសង្កាត់ពងទឹក ខណ្ឌដង្កោ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា សពជនរងគ្រោះទាំង៣នាក់ បានស្ថិតនៅក្រោមកង់រថយន្តកុងតឺន័រ ហើយកូនប្រុសតូចដែលរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះទាំង៣នាក់ មានលំនៅឋានក្នុងភូមិអន្លង់ឫស្សី ឃុំដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះធ្វើដំណើរពីភ្នំពេញទៅផ្ទះវិញ ក្រោយបើកថ្នាំឲ្យឪពុករួចនៅរាជធានីភ្នំពេញ។
រថយន្តបង្កហេតុពាក់ស្លាកលេខភ្នំពេញ 3A-9057។ ដោយឡែកអ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនភ្លាមៗ ក្រោយពេលកើតហេតុ៕