(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានរៀបសិក្ខាពិគ្រោះយោបល់ ស្តីពីសេចកី្តព្រាងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍អាស៊ាន តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រាជធានីភ្នំពេញ ដោយមានការចូលរួមពីសាស្ត្រាចារ្យ គ្រូបង្គោល អ្នកវាយតម្លៃបង្គោល សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ ១៥០នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដើម្បីពិភាក្សាលម្អិត និងរកធាតុចូលបន្ថែម លើសេចក្តីព្រាងកម្មវិធីបណ្តុះបណ្តាលទេសចរណ៍អាស៊ាន សម្រាប់គុណវុឌ្ឍិសញ្ញាបត្រវិជ្ជាជីវៈ ១, ២ និង ៣ ដែលសមមូលនឹងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ (ប៉ាក់ឌុប)។
ការដាក់បញ្ចូលកម្មវិធីទេសចរណ៍អាស៊ានខាងលើ នឹងជួយតម្រង់ទិសការបណ្តុះបណ្តាលជំនាញអាស៊ាន ឲ្យកាន់តែផុលផុសបន្ថែមទៀត ដល់សិស្សានុសិស្សកម្រិតវិទ្យាល័យ ក៏ដូចជាតម្រង់ទិសការបណ្តុះបណ្តាលឲ្យត្រូវទៅនឹងឧបនិស័យរបស់សិស្ស និងត្រូវតាមកាលានុវត្តភាពទីផ្សារការងារក្នុងប្រទេស និងតំបន់ ជាពិសេសចូលរួមសម្រេចចក្ខុវិស័យ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥» ដែលក្រសួងទេសចរណ៍ បានដាក់ចុះគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន ត្រឹម៥០% នៅឆ្នាំ២០២០ និង ១០០% នៅឆ្នាំ២០២៥ និងសម្រេចឲ្យបានគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាព SDG4: «ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប» និង SDG8: «ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប» ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់។
ស្របតាមស្មារតីនេះ ក្រសួងទាំងពីរបានសម្រេចជ្រើសរើសសាលាចំនួន៣ ដើម្បីរៀបចំដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីបណ្តុះបណ្តាលអាស៊ាននេះ រួមមាន៖ មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសកំពង់ឈើទាល ខេត្តកំពង់ធំ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្រ្វង់ស្វ័រ ខេត្តតាកែវ លើជំនាញអាទិភាពរួមមាន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ ជំនាញចុងភៅ និងធ្វើនំ គេហកិច្ច និងជំនាញនាំភ្ញៀវទេសចរ។
សូមរំលឹកថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) ឆ្នាំ២០១៦ វិស័យទេសចរណ៍ និងធ្វើដំណើរកម្ពុជាបានបង្កើតការងារសរុប (ផ្ទាល់ និងប្រយោល) ចំនួនជាង ២.២លាននាក់ ក្នុងនោះការងារផ្ទាល់មានប្រមាណ ១.២លាននាក់ ស្មើនឹង ១២% នៃការងារសរុប ហើយការងារផ្ទាល់នៅក្នុងវិស័យទេសចរណ៍មានប្រមាណជាង ៦២ម៉ឺននាក់។ ដោយឡែក ក្នុងឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥.៦លាននាក់ កើនឡើង ១១.៦% ធៀបនឹងឆ្នាំ២០១៦៕