(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៥៧៣គ្រឿង រកឃើញល្មើសច្បាប់១,២៩២គ្រឿង (ម៉ូតូ៨៩ភាគរយ) អប់រំ៤៥៦គ្រឿង និងផាកពិន័យ៨៣៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៨៥៥គ្រឿង អប់រំ៩០គ្រឿង និងផាកពិន័យចំនួន៧០៥គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧១៩គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៨,១៥៩គ្រឿង រកឃើញយានយន្តល្មើស ១៧,០៤១គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៥,៧៣០គ្រឿង និងផាកពិន័យ ១១,៣១១គ្រឿង (ម៉ូតូ៩៣ភាគរយ)៕