(ភ្នំពេញ)៖ សម្តេចព្រះឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត សមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តជ្រោយអំពិល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រះអង្គបានសុគត ក្នុងជន្មាយុជិត៩០ព្រះវស្សា ដោយជរាពាធ។ នេះបើតាមលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។
បើតាមលោក សេង សុមុនី បានបញ្ជាក់ផងដែរថា បន្ទាប់ពីព្រះអង្គបានសុគតរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចឲ្យក្រសួងធម្មការ និងសាសនា ព្រមទាំងក្រសួង ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធប្រជុំរៀបចំពិធីបុណ្យសពនេះ។
លោកថា នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមរៀបចំពិធីបុណ្យព្រះសពសម្តេចព្រះឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត ដែលនឹងត្រូវតម្កល់ទុករយៈពេលមួយឆ្នាំ។
នៅក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ពិធីបុណ្យនេះត្រូវធ្វើយ៉ាណា ឱ្យសក្តិសមទៅនឹងព្រះកិត្តិយសរបស់ព្រះអង្គ ដែលមានគុណូបការៈដ៏ធំធេងចំពោះព្រះពុទ្ធសាសនា និងជាតិពេញមួយព្រះជន្មរបស់ព្រះអង្គ និងការប្រគល់ភារកិច្ចឲ្យយើងរបស់ប្រមុខរាជរដ្ឋាភិបាល។
លោក សេង សុមុនី បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃនេះ បានកំណត់យកដើមខែមេសា ឆ្នាំ២០១៨ សម្រាប់ពិធីបុណ្យ១០០ថ្ងៃ និងយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ សម្រាប់បួជាព្រះសព។
សូមបញ្ជាក់ថា សម្តេចព្រះឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត បានអនិច្ចធម្ម កាលពីល្ងាចថ្ងៃទី១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៨៧ព្រះវស្សា ដោយជរាពាធ៕