(ភ្នំពេញ)៖ មានមិត្តអ្នកអានជាច្រើន រួមទាំងអ្នកនយោបាយ អ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាលើកជាសំនួរថា តើការប្រកាសបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី គឺក្នុងន័យសង្គ្រោះជាតិ ឬក្នុងគោលបំណង ដើម្បីបំផ្លាញជាតិខ្មែរឲ្យដូចរបបខ្មែរក្រហម?។
បានជាមានការលើកឡើងយ៉ាងដូច្នេះ ព្រោះតែគេមើលឃើញថា រវាងប្រទេសកម្ពុជាបច្ចុប្បន្ន និងប្រទេសកម្ពុជានៅមុនសម័យព្រះរាជាណាចក្រទី២ គឺខុសគ្នាដាច់ស្រឡះ។ នៅមុនសម័យព្រះរាជាណាចក្រទី២ ក្រោមហេតុផលផ្ដួលរំលំរដ្ឋាភិបាល ដែលកើតចេញពីរដ្ឋប្រហារខុសច្បាប់របស់លោក លន់ នល់ ដើម្បីដណ្ដើមអំណាចមកឲ្យសម្ដេចព្រះ នរោត្តម សីហនុ វិញ គេបាននាំគ្នាបង្កើតចលនាតស៊ូផ្សេងៗដើម្បីផ្ដួលរំលំរបប លន់ នល់។
សម័យខ្មែរក្រហម ដោយសារតែអំពើប្រល័យពូជន៏សាសន៏កាប់សម្លាប់ជាតិសាសន៏ខ្លួនឯងធ្វើឲ្យុប្រទេសជាតិ ធ្លាក់ចុះទៅក្នុងជ្រោះអន្លង់អវចីយ៏ ចលនាតស៊ូនានាក៏កើតមានឡើងដើម្បី រំដោះប្រជាជនរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់របស់បនប្រល័យពូជសាសន៏ប៉ុលពត។
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដោយសារពិភពលោក កំពុងស្ថិតនៅក្នុងសង្គ្រាមត្រជាក់បែងចែកប្លុកនយោបាយរវាងម្ខាងសេរី និងម្ខាងកុម្មុយនីស្ដ ទើបភាគីដែលគាំទ្រនិងទទួលស្គាល់របបខ្មែរក្រហម នៅអង្គការសហប្រជាជាតិ បានគាំទ្រឲ្យកើតមានចលនាតស៊ូនៅជាយដែនខ្មែរ ថៃ ក្រោមលេសប្រឆាំង និងកងទ័ពវៀតណាមឈ្លានពាន តាមពិតគឺដើម្បីផ្ដួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញ ដែលប្លុកខាងសេរីចោទថា ជារដ្ឋាភិបាលដែលគ្រប់គ្រងដោយប្លុកកុម្មុយនីស្ដ។
ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ អង្គការសហប្រជាតិ បានចូលមករៀបចំការបោះឆ្នោតនៅកម្ពុជា ដោយធ្វើការបង្រួបបង្រួមចលនានយោបាយទាំងអស់ ឲ្យមកចូលរួមបង្កើតគណបក្សនយោបាយស្របច្បាប់ដើម្បីចូលរួមធ្វើការបោះឆ្នោតដោយសេរី និងយុត្តិធម៏នៅកម្ពុជា បើទោះបីជាក្រោយមកភាគីខ្មែរក្រហមមិនគោរពតាមកិច្ចព្រមព្រៀង បន្តនៅធ្វើជាពួកឧទ្ទាម ក្រៅច្បាប់ក៏ដោយ ក៏ការសម្របសម្រួលពីអ៊ុនតាក់ និងភាគីផ្សេងៗទៀតបង្កើតឲ្យចេញជារាជរដ្ឋាភិបាលស្របច្បាប់មួយឡើង ហើយក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរក្រហម ដែលមិនព្រមគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏រលំលាយអស់ទៅក្រោមនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នប្រទេសកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅមានសិទ្ធិចូលរួមបោះឆ្នោត និងជ្រើសរើសសិទ្ធិនយោបាយតាមរយៈការបង្កើតគណបក្សនយោបាយស្របច្បាប់ដើម្បីចូលរួម បោះឆ្នោតដោយសេរី និងយុត្តិធម៌។ រាជរដ្ឋាភិបាលដែលកើតចេញពីលទ្ធផលបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជារាជរដ្ឋាភិបាល ស្របច្បាប់តែមួយគត់នៅកម្ពុជា។
ចលនាតស៊ូផ្សេងៗដែលបង្កើតឡើងដោយខុសច្បាប់ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាទុច្ចរិតបំផ្លាញនូវភាព
សុខសាន្តរបស់ប្រទេសកម្ពុជា ទោះជានៅក្នុងប្រទេសក្ដី នៅក្រៅប្រទេសក្ដីគឺត្រូវបានចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់។ សូម្បីប្រទេសដែលជួយទំនុកបំរុងក៏ត្រូវបានចាត់ទុកថា ជាប្រទេសបំពានច្បាប់អន្តរជាតិដែរ។
បច្ចុប្បន្ន ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ប្រទេសជាតិកំពុងតែមានការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែល កើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ប្រជាពលរដ្ឋទាំងពីរភេទដែលគ្រប់អាយុ មានសិទ្ធិបង្កើតគណបក្សនយោបាយស្របច្បាប់ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប ស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការរើសអើង ឬហាមឃាត់អ្វីឡើយ លើកលែងតែបុគ្គល ឬក្រុមដែលបានច្បាប់ហាមឃាត់។
ចុះហេតុអ្វីបានជាសម័យនេះទៅហើយ លោក សម រង្ស៊ី នៅនឹកឃើញបង្កើតចលនាតស៊ូខុសច្បាប់ដើម្បីសង្គ្រោះជាតិទៅវិញ? តើការប្រកាសបង្កើតចលនាតស៊ូរបស់លោក សម រង្ស៊ី នៅក្រៅប្រទេសសព្វថ្ងៃនេះ ដើម្បីធ្វើការសង្គ្រោះជាតិ ឬជាចេតនាបំផ្លាញជាតិ?។ ក្នុងន័យនេះយើងអាចនិយាយបានថា ការបង្កើតចលនាសង្រ្គោះជាតិនេះ គឺជាការធ្វើវិទ្ធង្សនា និងបង្កើតបដិវត្តពណ៌ ដើម្បីបំផ្លាញប្រទេសជាតិខ្លួនឯង។
ប្រទេសកម្ពុជាបច្ចុប្បន្ន ប្រជាជនមានសិទ្ធិដើរហើរ សិទ្ធិរស់នៅ សិទ្ធិរកស៊ី ចិញ្ចឹមជីវិត និងសិទ្ធិក្នុងការបញ្ចេញមតិ ហើយប្រទេសក៏កំពុងធ្វើការអភិវឌ្ឍន៏ ស្ពាន ថ្នល់ ទឹក ភ្លើង អាគារ ។ល។ បានរីកដុះដាលច្រូងច្រាងតាំងពីទីក្រុងរហូតដល់ជនបទ វាមិនមែនដូចសម័យមុនដែលដើម្បីមហិច្ឆតានយោបាយផ្ទាល់ខ្លួន គេនាំគ្នាយកពាក្យចលនាសង្គ្រោះជាតិ មកធ្វើជាឡប់ឡែបិទបាំងបំភ័ន្តភ្នែកសាធារណមតិបានតាមអំពើចិត្តនោះទេ។ ដូច្នេះការស្រមើស្រមៃបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី វាគ្រាន់តែជាចលនាឧទ្ទាមក្រៅច្បាប់
តែប៉ុណ្ណោះ ព្រោះអន្តរជាតិ និងបណ្ដាប្រទេសនានានៅលើពិភពលោកគេមិនទទួលស្គាល់នោះឡើយ។
ដោយ៖ សុធី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ