(សៀមរាប)៖ ក្រោយពីសហការគ្នារយៈពេល២ឆ្នាំ ក្នុងការជួសជុលប្រាសាទព្រះពិធូរ ពោលគឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ រវាងកម្ពុជា និងកូរ៉េខាងត្បូងរួចមក ពេលនេះកូរ៉េខាងត្បូងបានសន្យាថា នឹងពិនិត្យលទ្ធភាពបន្ថែម ដើម្បីជំរុញឲ្យគម្រោងជួសជុលប្រាសាទពិធូរនេះ ដំណើរការជាបន្តទៀតជាមួយកម្ពុជា។
ការបញ្ជាក់របស់គណៈកម្មាធិការជំនាញ នៃរដ្ឋសភាសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកការងារអប់រំ កីឡា វប្បធម៌ និងទេសចរណ៍នាពេលនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដើម្បីស្វែងយល់ពីគម្រោងជួសជុលប្រាសាទពិធូរ។
គម្រោងជួសជុលប្រាសាទព្រះពិធូរ គឺជាកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ និងបានជម្រាបជូនពីវឌ្ឍនភាពដ៏ប្រសើរ នៃគម្រោងជួសជុលប្រាសាទព្រះពិធូរ។ នាពេលនោះដែរ ប្រតិភូគណៈកម្មាធិការជំនាញ នៃរដ្ឋសភាសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីសប្បាយរីករាយ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃគម្រោងជួសជុលប្រាសាទព្រះពិធូរនេះ និងសន្យាពិនិត្យលទ្ធភាពបន្ថែម ដើម្បីជំរុញគម្រោងជួសជុលនេះឲ្យដំណើរការជាបន្តទៀត។
បន្ថែមលើសនោះ ប្រតិភូក៏បានបញ្ជាក់ថា នឹងពាំនាំអំពីជោគជ័យទាំងឡាយទៅជូនរដ្ឋសភាសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ ដើម្បីបន្តនូវកិច្ចសហប្រតិបត្តិការផ្សេងៗជាច្រើនទៀត ជួយដល់ប្រជាជនកម្ពុជា។
សូមជម្រាបថា គម្រោងកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទព្រះពិធូរ គឺដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ មានទីតាំងនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ និងគ្រោងបញ្ចប់ជំហានដំបូង ក្នុងឆ្នាំ២០១៨។ គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរ មានការងារ៣ធំ ដែលត្រូវធ្វើ រួមមាន៖ ការងារបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវចងក្រងឯកសារ និងការងារអភិរក្សជួសជុលស្តារឡើងវិញ៕
ឮ