(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរយៈពេលប៉ុន្មានថ្ងៃនេះ បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតរថយន្ត៣គ្រឿង ម៉ូតូ២គ្រឿង កាំភ្លើងកែច្នៃ៣ដើម ថ្នាំញៀន៥៥កញ្ចប់ និងវត្តុតាងខុសច្បាប់ជាច្រើនទៀត ស្ថិតនៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការបញ្ជាដោយផ្ទាល់ពីលោមឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានឲ្យកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការ ចុះបង្ក្រាបករណីជួញដូរគ្រឿនញៀនដ៏ធំមួយនេះ។
មុនដំបូងចាប់បានជនសង្ស័យឈ្មោះ ជី អ៊ូ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំ ខាងលើ និងបានដកហូតថ្នាំញៀនម៉ាទឹកកក១៧កញ្ចប់ ម៉ូតូ០១គ្រឿង។ ក្រោយពីធ្វើការសាកសួរជនសង្ស័យរួច លុះដល់វេលាម៉ោង០៧៖៥០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងបានបន្តធ្វើការឆែកលំនៅដ្ឋានរបស់ឈ្មោះ យ៉ា ស្មាអ៊ែល ភេទប្រុស អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យសរុប០៣នាក់រួមមានទី១-ឈ្មោះ ជី អ៊ូ អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ យ៉ា ស្មាអ៊ែល អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង និងទី៣-ឈ្មោះ យ៉ា ពូថៅ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។
កម្លាំងបានដកហូតសម្ភាររួមមាន៖ ថ្នាំម៉ាទឹកកកចំនួន៥៥កញ្ចប់, ម៉ូតូ២គ្រឿង, រថយន្ត៣គ្រឿង, កាំភ្លើងច្នៃបាញ់គ្រាប់កង់០៣ដើម, ដាវ០២ដើម, ដែកទីប០១, ជញ្ជីងថ្លឹងថ្នាំ០១ លុយមួយចំនួន ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាឃុំខ្លួនជនជួញដូរគ្រឿងញៀនទាំង៣នាក់ ដាក់ពន្ធនាគារហើយ៕