(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ អាជ្ញាធរ២ខណ្ឌ គឺរដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលខណ្ឌសែនសុខ ដែលមានព្រំប្រទល់ជាប់គ្នា បានសហការចុះពិនិត្យ និងវាស់វែងកំណត់ដីចំណីប្រឡាយ និងផ្លូវអមប្រឡាយមេពោងពាយ ដែលពាក់ព័ន្ធក្បាលដីរបស់លោកឧកញ៉ា ឆាយ សេងអៀង និងលោកស្រី ង៉ោ ងួនធារី ដែលមានទីតាំងស្ថិតនៅផ្លូវបុរីអង្គរ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
ការចុះទៅនេះ ក៏មានការចូលរួមពីអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សុរិយោដី និងសំណង់ រាជធានីភ្នំពេញ, លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ រួមជាមួយប្រធាន អនុប្រធានការិយាល័យចំណុះជុំនាញខណ្ឌ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ ដោយអនុវត្តតាមលិខិតលេខ១៩២៤ សជណ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ជាពិសេសអនុវត្តលិខិតលេខ១២៤២/១៧ ឆត.រ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ និងលិខិតលេខ៤៦៧/១៧ លស.រ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រួមនិងកំណត់ហេតុ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ បានអះអាងថា ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងការថែរក្សាដីចំណីប្រឡាយរបស់រដ្ឋមិនឲ្យបាត់បង់ ទាមទារឲ្យមានកិច្ចសហការពីមន្ត្រីជុំនាញចុះពិនិត្យ និងវាស់វែងកំណត់ព្រំដីចំណីប្រឡាយ និងផ្លូវអមប្រឡាយមេពោងពាយឲ្យបានត្រឹមត្រូវ ដែលពាក់ព័ន្ធក្បាលដីរបស់លោកឧកញ៉ា ឆាយ សេងអៀង និងភរិយាលោកស្រី ង៉ោ ងួនធារី ដោយតម្រូវឲ្យរុះរើរបងថ្មរឹងមាំចេញពីចំណីប្រឡាយ «រំលោភលើដីចំណីប្រឡាយរបស់រដ្ឋ» ទៅតាមការបាញ់គំនូសកំណត់ជូន ដោយមន្ត្រីជំនាញ ចាប់ពីពេលនេះ ក្នុងថ្ងៃនេះតទៅ ជាពិសេសធ្វើការវាស់វែងកំណត់ព្រំប្រទល់ប្រឡាយមេពោងពាយ ដើម្បីបង្កាទប់ស្កាត់ការបាត់បង់ ដោយសារការរំលោភបំពាន ពីសំណាក់ប្រជាពលរដ្ឋ ក៍ដូចជា អ្នកមានក្បាលដីព្រំប្រទល់ជាប់ប្រឡាយតែម្ដង៕