(ភ្នំពេញ)៖ ផលិតកម្ម C2GO បានសម្រេចបើកសម្ពោធរឿង «ខ្មោចស៊ីឈ្នួល» ជាផ្លូវការ ដែលជាស្នាដៃលើកដំបូង របស់ក្រុមការងារផលិតបាន នាយប់ថ្ងៃទៅ១៧ ខែមករា ឆ្នាំ២០១៨នេះ ដោយការបើកសម្ពោធ វណ្ណកម្មថ្មីនេះ រំលេចដោយវត្តមានតារាកកកុញ ចូលរួមបង្កឲ្យកម្មវិធីកាន់តែរីករាយ និងកក្រើករោងកុនតែម្តង នៅក្នុងបរិវេណរោងកុន Major Cineplex by Smart ក្នុងផ្សារសុរិយា រាជធានីភ្នំពេញ។
ម្ចាស់ផលិតកម្ម C2go និងជាប្រធានអង្គការ «ខ្ញុំខ្មែរ» លោក អេថិន ជានិច្ច បានថ្លែងឲ្យដឹងថា រឿង ខ្មោចស៊ីឈ្មួល ជាភាពយន្តបែបភ័យរន្ធ ព្រឺព្រួច កំប្លែងសើច និងអប់រំ ដែលបានសម្រិតសម្រាំង ការផលិតអស់ជាច្រើនម៉ឺនដុល្លារ មុននឹងសម្រេចចិត្តដាក់បញ្ចាំង នៅពេលនេះ។ លោកថា ដោយសារតែការស្រលាញ់ និងចង់លើកស្ទួយវិស័យសិល្បៈខ្មែរ លោកក៏បានបើកផលិតកម្ម ដើម្បីផលិតចម្រៀង និងភាពយន្តនេះឡើង ហើយសម្រាប់រឿងបើកឆាកដំបូងនេះ។ លោករំពឹងថា នឹងទទួលបានការគាំទ្រ ពីបងប្អូនទស្សនិកជន ដើម្បីរួមចំណែក ជួយវិស័យសិល្បៈទាំងអស់គ្នា។
លោកបានបន្តថា ការផលិតរឿង «ខ្មោចស៊ីឈ្នួល» បានជួបនូវឧបសគ្គមួយចំនួនផងដែរ ទម្រាំសម្រេចបានដាក់បញ្ចាំង នៅពេលនេះ។ ប៉ុន្តែលោកពិតជាមានការកោតសរសើរ ចំពោះក្រុមការងារខាងផលិតករ ក៏ដូចជាក្រុមតារាសម្ដែង ដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រហូតភាពយន្តនេះ អាចយកមកដាក់បញ្ចាំងបាន។ ថវិកាដែលចំណេញពីការដាក់បញ្ចាំងភាពយន្តនេះ លោកពុំមែនយកដាក់ហោប៉ៅខ្លួនឯងនោះទេ ពោលគឺលោកនឹងចែករំលែក ទៅឲ្យក្រុមផលិតករ និងតារាសម្ដែង ដែលប្រឹងប្រែងយ៉ាងលំបាក ហើយក្រៅពីនោះ លោកនឹងតម្កល់នៅក្នុងអង្គការ ដើម្បីទុកជួយដល់សង្គម។
លោកជានិច្ច ក៏បានឲ្យដឹងដែរថា «លោកបានចូលរួម ចែករំលែកជួយដល់សង្គមកម្ពុជា ជាច្រើនមកហើយ តាមរយៈការរៃអង្គាសប្រាក់ពីពលរដ្ឋខ្មែរ នៅតាមបណ្ដាប្រទេសនានា និងជនបរទេស ដើម្បីយកមកជួយដល់ជនជាតិខ្មែរ ដែលជួបការខ្វះខាតក្នុងជីវភាព។ ក្នុងនោះស្ដ្រីមេម៉ាយខ្វះខាត សមាគមន៍ក្រីក្រ និងក្មេងៗកំព្រា ជាដើម គឺអង្គការរបស់លោក បានចុះជួយដោយមិនរើសអើងនោះទេ តាមរយៈយកតារាពីកម្ពុជា ទៅច្រៀងលក់សំបុត្រ ឬរៃអង្គាសប្រាក់នៅក្រៅប្រទេស ដើម្បីយកប្រាក់ទាំងនោះ មកតម្កល់នៅអង្គការជួយដល់ពលរដ្ឋខ្មែរ!»។
សូមបញ្ជាក់ថា ខ្សែរឿងថ្មីមួយនេះ ត្រូវបានខាងផលិតកម្ម C2GO ក្នុងនោះក៏មានអង្គការខ្ញុំខ្មែរ ជាអ្នកសម្រិតសម្រាំងចូលហ៊ុនគ្នាជាចំណែកៗ ដើម្បីឲ្យសាច់រឿងកាន់តែពិសេស មានគុណភាព និងទាក់ទាញ។ «ខ្មោចស៊ីឈ្នួល» ដែលភ័យខ្លាចល្អមើលល្អសើច មានតារាប្រមាណជិត១០០នាក់ មកថតរូបជុំគ្នា និងទស្សនាស្នាដៃថ្មីមួយនេះ។
រឿង «ខ្មោចស៊ីឈ្នួល» ចាក់បញ្ចាំងគ្រប់រោងកុន ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះតទៅ។ ម្ចាស់ផលិតកម្ម និងតារាសម្តែងរឿងនេះ សូមអំពាវនាវឲ្យ អ្នកនិយមទស្សនាខ្សែភាពយន្តគាំទ្រស្នាដៃខ្មែរ និងបន្តស្រឡាញ់វិស័យភាពយន្តខ្មែរ ឲ្យរីកចម្រើនទៅមុខទៀត៕