(បាត់ដំបង)៖ រថយន្ដសង្គ្រោះជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានរថក្រោះ កងទ័ព្ទជើងគោកនៃខ.ភ.ម ដែលរថយន្ដសង្គ្រោះនេះ ជារថយន្ដទី២៧ ហើយដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់អង្គភាពនានា។
រថយន្ដសង្គ្រោះនេះ ត្រូវបាន លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន បាននាំយកទៅប្រគល់ដល់ អង្គភាពបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃ ខ.ភ.ម ប្រចាំយោធភូមិភាគទី៥ នៅតំបន់ភ្នំតូច ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយផ្ទាល់នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែ គិតគូរដល់សុខទុក្ខកងទ័ព ជាក់ស្តែងអំណោយរថយន្តសង្គ្រោះទី២៧ របស់សម្តេចនាពេលនេះ ជាការសបញ្ជាក់ពីការ យកចិត្តទុកដាក់យ៉ាងធំធេង របស់សម្ដេចចំពោះកងទ័ព។
ក្នុងឱកាសនោះ លោកឧកញ៉ា ជា រតនា ក៏បានផ្តាំផ្ញើទៅដល់កងយោធពលខេមរភូមិន្ទ ដែលអញ្ជើញចូលរួមក្នុង ពិធីប្រគល់ ទទួលរថយន្តសង្គ្រោះនេះ ឲ្យបង្កើនការយកចិត្តទុក លើកកម្ពស់ការពិនិត្យ-ព្យាបាលជំងឺរបស់កងទ័ព និងប្រជាជនកម្ពុជា ទាំងអស់ឲ្យ បានប្រសើរ និងត្រូវចេះជួយថែរក្សារថយន្ដសង្គ្រោះនេះឲ្យបានល្អ ព្រោះរថយន្ដនេះមានសារៈសំខាន់បំផុត សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺមូលដ្ឋាន មកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ដែលមិនបណ្ដាលឲ្យ មានគ្រោះថា្នក់ដល់អាយុជីវិត៕