(រតនគិរី)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសផ្ទេរភារកិច្ច និងតែងតាំង ស្នងការរងថ្មី និងអធិការស្រុកអូរយ៉ាដាវថ្មី នៃខេត្តរតនគិរី។
សេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ កំណត់ថា លោក ម៉ៅ សាន់ បច្ចុប្បន្នជា អធិការនគរបាលស្រុកអូរយ៉ាដាវ ត្រូវតែងតាំងជា ស្នងការរង ដោយឡែកលោក សូយ សំណាង នាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតាំងអធិការស្រុកអូរយ៉ាដាវ។
ទោះជាយ៉ាងណា ការតែងតាំង និងផ្លាស់ប្តូរតួនាទីខាងលើនេះ មជ្ឈដ្ឋានពលរដ្ឋ និងសមត្ថកិច្ចស្រុកអូរយ៉ាដាវ បានលើកឡើងស្រដៀងគ្នាថា មន្ត្រីនគរបាលដែលមានបទពិសោធន៍ការងារ ដឹងពីភូមិសាស្ត្រពិតប្រាកដ ដឹងសុខទុក្ខជាមួយពលរដ្ឋក្នុងមូលដ្ឋាន ហេតុអីបានថ្នាក់លើ មិនធ្វើការតែងតាំងជាអធិការ បែរនាំមន្ត្រីនគរបាលពីខេត្តផ្សេងមកជំនួសវិញ ដែលមិនដឹងសុខទុក្ខពួកគាត់។
មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការនគរបាលខេត្តរតនគិរី លួចបង្ហើបថា ការតម្លើងតួនាទី និងប្រកាសផ្ទេភារកិច្ចនោះ គណៈស្នងការ មិនបានស្នើសុំទៅថ្នាក់លើនោះទេ ស្រាប់តែឃើញសេចក្តីសម្រេចពីក្រសួងមហាផ្ទៃ ធ្លាក់មកយ៉ាងតក់ក្រហល់ ធ្វើឲ្យភាពស្រឡាំងកាំងក្នុងអង្គភាពទាំងមូលតែម្តង។
មន្ដ្រីនគរបាលមូលដ្ឋាន បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងពិចារណាឡើងវិញ ក្នុងការតែងតាំង និងភារកិច្ចនេះ ព្រោះថាមន្ដ្រីនគរបាលពីខេត្តផ្សេង មិនស្គាល់ភូមិសាស្ដ្រ និងសុខទុក្ខពលរដ្ឋដូចអ្នកមូលដ្ឋានទេ៕