(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំ ចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់ការថែរក្សាការពារ សេចក្តីសុខ សន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើង រុងរឿងសម្បូរសប្បាយ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យ​ ប្រើប្រាស់សមិទ្ធ ផលនានា នៅវត្ដ ពោធិ៍សត្វ ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ទៀតថា ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ ដោយមានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកស្រីថា «សុខសន្តិភាពទាំងនេះ ជាតម្លៃដែលបានផ្តល់ឲ្យយើង មានឱកាសបញ្ជូនកូនចៅ ទៅរៀនសូត្រ ចាប់ពីមតេយ្យរហូត ដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធាដោយ ស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏មានការរីចម្រើនហេដ្ឋារចនា សម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិ គ្រប់តំបន់ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព»

លោកស្រី ម៉ែន សំអន ក៏បានថ្លែងនូវការសរសើរ ចំពោះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិ ខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុង ព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ទន្ទឹមនេះ ជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តី សៅហ្មងទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ។
   
លោក ម៉ៅ ភិរុណ អភិបាលខេត្ដកណ្ដាល បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភា​ព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់ គណបក្សប្រឆាំង ឬពួកអគតិមួយចំនួន ដែលចូលចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេស ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សា សមិទ្ធផលនៅទីនេះ ឲ្យបានល្អប្រសើរ សម្រា​ប់​ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវ ដល់អ្នកជំនាន់ក្រោយៗទៀត។

អភិបាលខេត្ដកណ្ដាល បានបញ្ជាក់ថា មានថ្នាក់ដឹកនាំល្អ ប្រទេសជាតិមានការីកចម្រើន មិនចេះភូតភរកុ​ហ​​ក​បោកប្រាស់ និងមា​ន​សមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឆ្ពោះ ​ទៅ​​​រកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រ​ទេ​ស​ជាតិ៕