(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស ស្ដីពីការកំណត់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ លោក លី គឹមពាវ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទាំង៣០០គ្រួសារនោះថា ពួកគាត់នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ពីរាជរដ្ឋាភិបាល នាពេលឆាប់ៗខាងមុខនេះហើយ។
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស ស្ដីពីការកំណត់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ដោយមានលោក លី គឹមពាវ និងលោក លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី ចូលរួមជាអធិបតីភាព។
លោក លី គឹមពាវ បានស្នើដល់ប្រជាពលរដ្ឋខាងលើ កុំលក់ដីដែលរាជរដ្ឋាភិបាលប្រគល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនឲ្យសោះ ញ្រោះគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះ ត្រូវតែទុកជាមរតកតដល់កូនចៅជំនាន់ក្រោយ។
លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកខ្វះខាត និងមានការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការគាំពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើការបែងចែកដីសម្បទានសង្គមកិច្ចនេះ មិនមានយកប្រាក់ពីប្រជាពលរដ្ឋនោះទេ គឺចែកជូនប្រជាពលរដ្ឋណាដែលខ្វះខាតពិតប្រាកដ ហើយមានឯកសារបញ្ជាក់ត្រឹមត្រូវ ក្នុងការរស់នៅចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១មក។
លោកថា នៅពេលដែលប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ហើយ មានន័យថា ពួកគាត់គឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ទាំងការភ្ជូររាស់ បង្កបង្កើនផល ដ៏ដូចជាការបន្តមរតកទៅកូនចៅរបស់ខ្លួនបាន។ មួយវិញទៀត គម្រោងនឹងធ្វើការទាក់ទងទៅមន្រ្តីមន្ទីរកសិកម្ម ក្នុងការចុះសិក្សាពីប្រភេទដី និងដំណាំដែលអាចជួយសម្រួលក្នុងការដាំដុះ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងទទួលបាននូវទិន្នផលខ្ពស់។
លោកប្រធានមន្ទីរ អ៊ឹម សុឌីណា បានលើកឡើងថា ការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ គឺសម្រាប់តែប្រជាពលរដ្ឋនៅភូមិអូរធំតែប៉ុណ្ណោះ ពួកគាត់ត្រូវរៀបចំឯកសារឲ្យបានគ្រប់តាមលក្ខណៈរបស់សម្បទានសង្គមកិច្ច ដើម្បីចូលមកបង្ហាញខ្លួន ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នេះតទៅ ដោយក្រុមការងារចុះទៅវាស់វែងជូនពួកគាត់ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ និងដីកសិកម្មចំនួន ២ហិចតា និងការចូលមកបំពេញទិន្នន័យ ដោយទុកឲ្យមានរយៈពេល ១០ថ្ងៃ ដោយត្រៀមឯកសារ មានសៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ៕