(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាបក្រុមគ្រឿងញៀនមួយករណី ដោយចាប់បានជនសង្ស័យសរុប៧នាក់ ដោយក្នុងនោះ៣នាក់ ចាប់បាននៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ និង៤នាក់ទៀត ចាប់បាននៅរាជធានីភ្នំពេញ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះថា នៅថ្ងៃទី១៦ ខែមករា នៅចំណុចភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ កម្លាំងជំនាញបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដកហូតបានម្សៅក្រាមពណ៌ស ចំនួន០៩កញ្ចប់ ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០២គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តកិច្ចប្រតិបត្តិការ លុះដល់ថ្ងៃទី១៧ ខែមករា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ជាបន្តបន្ទាប់។
ជនសង្ស័យទី១៖ឈ្មោះ ឡេង ឡាំងយូ អាយុ២៨ឆ្នាំ, ទី២៖ឈ្មោះ ពិសិដ្ឋ អាយុ២៧ឆ្នាំ, ទី៣៖ឈ្មោះ អេង សុដា ឈ្មោះពិត វាង យាំងជី អាយុ១៧ឆ្នាំ និងទី៤៖ឈ្មោះ ច្រឹក កុសល អាយុ៣៤ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស១៤កញ្ចប់ ទូរស័ព្ទដៃ០៣គ្រឿង ម៉ូតូ០១គ្រឿង និងឧបករណ៍សេព០១សម្រាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕