(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យសាធារណជន និងប្រជាពលរដ្ឋទូទាំងខេត្ត សហការផ្ដល់ព័ត៌មាន អំពីមេចោរប្លន់ម្នាក់ ដែលត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនរហូតដល់ទៅ៣ដីការ ហើយបើសិនជាចាប់ឃាត់ខ្លួនមេចោររូបនោះបាន លោកនឹងផ្ដល់ជូននូវរង្វាន់ចំនួន២លានរៀលផងដែរ។
មេចោរប្លន់ដែលត្រូវបានតុលាការចេញដីកាចាប់ខ្លួននេះ មានឈ្មោះ ហ៊ន់ បូរ៉ា ហៅ ប៉ែល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅភូមិផ្លូង III ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ Fresh News ថា «បើសិនលោក-អ្នកនាង ទទួលបានព័ត៌មានជាក់លាក់ នៃការលាក់ខ្លួន របស់មេចោរប្លន់រូបនេះ ដែលធ្វើឲ្យកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឈានទៅចាប់ខ្លួនបានសម្រេច ខ្ញុំនឹងជូនរង្វាន់២លានរៀល ព្រមទាំងធានាលាក់ការសម្ងាត់ ដើម្បីសុវត្ថិភាពដល់អ្នកផ្តល់ព័តមានផងដែរ»។
លោកស្នងការបញ្ជាក់ទៀតថា ដើម្បីឲ្យមានភាពងាយស្រួល លោក-អ្នកនាង អាចបញ្ជូនព័ត៌មាន តាម Messenger ឬទូរស័ព្ទមកលេខ០១២ ៩៨៣ ៥៨៥ ឬ០៨៨ ៨៩៤ ៥៩៣៥ ឬ០៧៧ ៧៧០៩៧៧ ឬ០៨៨ ២៦ ២២២២២ យើងខ្ញុំរង់ចាំទទួលគ្រប់វិនាទី ដោយសោមនស្សរីករាយ៕