(ភ្នំពេញ)៖ នៅព្រឹក​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨​នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ សិប្បកម្មឈើ និងកន្លែងកែច្នៃឈើ ABC 999 ស្ថិតក្នុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន២២នាក់ ក្នុងនោះស្រី០៧នាក់ ដែលលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ក្រោយឃាត់ខ្លួន​ជនជាតិវៀតណាមទាំង២២​នាក់នោះ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕