(បន្ទាយមានជ័យ)៖ ជនសេពគ្រឿងញៀនម្នាក់ ត្រូវ​បានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនភ្លាមៗ ខណៈពេលប្រើប្រាស់គ្រឿងញៀនរួច បែកគំនិតយកដែកចុងស្រួចចាក់គាស់ទ្វាររថយន្តមួយគ្រឿង ប្រុងលួចទាំងខ្លួនមិនចេះបើកបរ ទើបកម្លាំងនគរបាល ចាប់ជាប់ជាមួយវត្ថុតាងមួយចំនួន នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា «ករណីខាងលើនេះកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ​ តាមរយៈHotline ភ្លាមៗ នៅពេលរំលង់អាធាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ទើបកម្លាំងនគរបាលយើងចុះទៅបង្ក្រាបភ្លាមៗ ចាប់ជនសង្ស័យ និងដកហូតបានវត្ថុតាងមួយចំនួនតែម្តង»។

លោកបន្តថា ជនសង្ស័យឈ្មោះ សុវណ្ណ​ ថា មុខរបរអ្នករត់ម៉ូតូឌុប រស់នៅភូមិ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ត្រូវបានកម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក Dream C១២៥ ឆ្នាំ២០១៨ ចំនួន១គ្រឿង ពាក់ស្លាកលេខបន្ទាយមានជ័យ 1P-3937 កាបិតស្រួច១ កាបូប១ ដែកកេះ សំរាប់ប្រើប្រាស់សេពគ្រឿងញៀន២ និងសម្ភារៈមួយចំនួនទៀត រីឯម្ចាស់រថយន្តមានឈ្មោះ ទុយ មាស រស់នៅភូមិកើតហេតុខាងលើ។

បច្ចុប្បន្នកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានរៀបចំសំណុំរឿង និងវត្ថុតាងជនសង្ស័យបញ្ជូន ទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕