(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យជំនាញខេត្តក្រចេះ បានចុះប្រតិបត្តិការបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយរឹប​អូស​បានគ្រឿងញៀន ប្រភេទទឹក​កក ​(ICE)​ ជាង១គីឡូក្រាម និងកាំភ្លើងខ្យល់១ដើម នៅចំណុចផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រតិបត្តិការ ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនទ្រុងទ្រាយធំនេះ ក្រោមការសម្របសម្រួលនិតិវិធីពី សំណាក់លោក សោ វុទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ​ ដែលបានធ្វើឡើង​ នៅវេលាម៉ោង​១៩៖៤៥នាទី ​ថ្ងៃ១៧ ខែមករា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការនេះ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ខាន់ វិទ្ធី ហៅអាឆក ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ ភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាមុខសញ្ញា​ជួញដូរសកម្ម។

ដកហូតបានវត្ថុតាង ម្សៅក្រាម​ ពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទ​ មេតំហ្វេតាមីន​ (ICE) សរុបចំនួន ១០កញ្ចប់ (ធំ៣កញ្ចប់ និងមធ្យម ៧កញ្ចប់) ស្នើនឹង​ជាង១គី​ឡូ​ក្រាម ​ដកហូតកាំភ្លើងខ្យល់មួយដើម ម៉ាក MI9IIAI លេខ៨៧១០៧២​, ម៉ូតូ១គ្រឿង​ ទូរស័ព្ទដៃ១គ្រឿង និងប្រាក់ចំនួន ៥០០,០០០រៀល។

សមត្ថកិច្ច បញ្ជាក់ទៀតថា មន្ត្រី​អនុវត្តច្បាប់ បានបន្តនីតិវិធី នាំខ្លួនជនសង្ស័យឈ្មោះ ខាន់ វិទ្ធី ទៅឆែក​ឆេរបន្ទប់ស្នាក់នៅផ្ទាល់ខ្លួន ក្នុងផ្ទះរបស់ឈ្មោះ ប៉ាវ សូលីន បងស្រីជន​សង្ស័យ​ស្ថិតនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) សរុបចំនួន២កញ្ចប់ធំ លាក់ទុកក្នុងទូក្បាលគ្រែបន្ថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿង តាមតាមនិតិវិធីច្បាប់៕