(ភ្នំពេញ)៖ ដោយសារចំនួនមនុស្សចាស់ជរា នៅប្រទេសជប៉ុន កាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយតាមរបាយការណ៍ ជប៉ុនត្រូវការអ្នកថែទាំមនុស្សចាស់លើសពី ៥០ម៉ឺននាក់នោះ ក្រុមហ៊ុនមួយរបស់ជប៉ុន បាននិងកំពុងបង្កើតវិទ្យាស្ថានមួយ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា លើជំនាញថែទាំមនុស្សចាស់ដំបូងគេនៅកម្ពុជា ជាមួយគម្រោងថវិកាប្រមាណ៣លានដុល្លារអាមេរិក។
ដំណឹងដ៏ពិសេសនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារ រវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក យ៉ូស៊ីអូ កូនដូ នាយកក្រុមហ៊ុន Procast (CAMBODIA) Co., Ltd. នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា ក្រុមហ៊ុន Procast ជាក្រុមហ៊ុនបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅជប៉ុន ហើយការពិភាក្សាការងារនេះ គឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់។ នេះជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានចាប់អារម្មណ៍លើសេវាថែទាំមនុស្សចាស់នៅកម្ពុជា។
លោកបានថ្លែងយ៉ាងដូច្នេះថា «ដល់ពេលនេះ គាត់បានរៀបចំបង្កើតជាវិទ្យាស្ថានមួយ ហៅថា វិទ្យាស្ថានបណ្ដុះបណ្ដាលសេវាផ្នែកថែទាំមនុស្សចាស់ ហើយឥលូវនេះចាប់ផ្ដើមសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនេះ និងបំពាក់សម្ភារ ហើយអ្នកឯកទេស គ្រូ យកមកពីជប៉ុនទាំងអស់ ប្រហែលជាខែមេសានេះ នឹងអាចដំណើរការបានហើយ»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ពីបច្ចុប្បន្នទៅអនាគត តម្រូវការថែទាំមនុស្សចាស់ក្នុងប្រទេសកម្ពុជា ក៏ជាតម្រូវការចាំបាច់ដែរ ពីព្រោះមនុស្សចាស់នៅកម្ពុជាកាន់តែច្រើនឡើងៗ ហើយក្រុមគ្រួសារ កូនចៅរបស់ពួកគាត់ក៏មានការមមាញឹកនឹងការងារច្រើនជាងមុនទៀត នេះក៏ដោយសារកំណើនសេដ្ឋកិច្ច និងសុខមាលភាពកាន់តែកើនឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោក Yoshio Kondo បានបញ្ជាក់ថា ការបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់ដំបូងគេនៅកម្ពុជានេះ គ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ ក្រោយពេលបញ្ចប់ការសាងសង់អគារសិក្សាខាងលើហើយ ក្រុមហ៊ុននឹងដំណើរការប្រតិបត្តិការការងាររបស់ខ្លួន ចាប់ពីខែមេសា ឆ្នាំ២០១៨ ខាងមុខតទៅ ដែលវគ្គដំបូងសាកលវិទ្យាល័យនឹងទទួលសិក្ខាកាមឲ្យចូលរៀនចំនួន ១៨០នាក់ លើកដំបូង។
លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះហើយ សិក្ខាកាម អាចដាក់ពាក្យប្រឡងទៅធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំសុខភាពមនុស្សចាស់នេះបាន ជាងនេះទៅទៀត ប្រជាពលរដ្ឋកម្ពុជានឹងមានការកើនឡើងនៃចំនួនមនុស្សចាស់ជរា នៅពេលខាងមុខ ដូច្នេះហើយសិក្ខាកាមកម្ពុជាដែលជាធនធានមនុស្សថ្មី និងបានសិក្សាលើជំនាញថ្មីនេះ អាចស្វែងរកការងារធ្វើបានយ៉ាងងាយស្រួល។
លោកបន្តថា វិទ្យាស្ថានថ្មីនេះមានមហាវិទ្យាល័យថែទាំមនុស្សចាស់ (ការថែទាំមនុស្សចាស់ត្រូវចិត្តសាស្ត្រ វេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈ ជំនាញមួយចំនួនថែមទៀតដែលចាំបាច់) មហាវិទ្យាល័យអក្សរសាស្ត្រជប៉ុន និងមហាវិទ្យាល័យជំនាញបច្ចេកវិទ្យា (IT)៕