(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងរយៈពេលជិត១២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្ដិភាពជិត៥,០០០នាក់ ទៅកាន់ប្រទេសមួយចំនួនលើពិភពលោក ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។

ការថ្លែងបែបនេះ របស់សម្ដេច ទៀ បាញ់ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ទៅប្ដូរវេនកងវិស្វកម្មលេខ៣៦៩ ដែលបញ្ចប់បេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មលេខ៤៥៩ បញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។

ប្រមុខដឹកនាំក្រសួងការពារជាតិ បានលើកឡើងទៀតថា នេះជាសមិទ្ធិផលថ្មីមួយថែមទៀត លើសមិទ្ធិផលជាច្រើនដែលកម្ពុជាសម្រេចបាន លើការងារបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្ដរជាតិ ដើម្បីបុព្វហេតុ សន្ដិភាព សន្ដិសុខ និងមនុស្សធម៌លើពិភពលោក។

បើតាមសម្ដេច ទៀ បាញ់ សមិទ្ធិផលនេះ បានបង្ហាញឲ្យឃើញពីសមត្ថភាព បទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលមន្ដ្រីតំណាងអង្គការសហប្រជាជាតិ តែងតែវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសេចក្ដីក្លាហាន វិជ្ជាជីវៈ ភាពប៉ិនប្រសប់ វិន័យល្អ និងសហប្រតិបត្តិការប្រសើរជាមួយកម្លាំងចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួនក្នុងការចូលរួមរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ តាមរយៈបង្កើនការរៀបចំរចនាសម្ព័ន្ធ រួមទាំងកម្លាំងមធ្យោបាយគ្រឿងបំពាក់ និងសម្ភារៈ ជាកម្រិតចល័តរហ័ស ដើម្បីធ្វើការចល័តក្នុងអំឡុងពេលដែលមានសំណើរចាំបាច់ របស់ទីបញ្ជាការអង្គការសហប្រជាជាតិ និងពង្រឹងការចូលរួមឲ្យកាន់តែសកម្មថែមទៀត។

ជាមួយគ្នានោះ លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្នុងនាមមន្ដ្រីអង្គការសហប្រជាជាតិ បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការជួយបង្កើតឲ្យមានសន្ដិភាពជាក់ស្ដែង សម្រាប់បណ្ដាប្រទេសផ្សេងៗ។

បន្ថែមពីនេះ លោកស្រី បានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវត្តមាននារី១៣រូប ដែលបានទៅចូលរួមក្នុងបេសកកម្មនៅសាធារណរដ្ឋលីបង់នាពេលនេះ ដែលជាការលើកទឹកចិត្ត និងការខិតខំពុះពារជម្នះលើភាពជាយេនឌ័រ ដើម្បីស្វែងរកការងារដែលមានបុរសជាអ្នកដឹកនាំ៕​