(ស្វាយរៀង)៖ ក្រុមការងារ នៃសាខាកាំកុងត្រូលខេត្តស្វាយរៀង បន្ទាប់ពីចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ដែលមានសិស្សចូលរួមជាង៨០០នាក់រួចមក សាខាកាំកុងត្រូលខេត្ត បានបន្តចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្តក្រុងស្វាយរៀង ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ជាលទ្ធផលក្រុមការងារបានរកឃើញសារជាតិគីមីបូរ៉ាក់ នៅក្នុងប្រហិតប៉ាត់តេចំនួន៣៦គីឡូក្រាម។
បើតាមមន្ត្រីកាំកុងត្រូល ដែលចុះទៅពិនិត្យមុខទំនិញនៅផ្សារវាលយន្តនេះ បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនាពេលនេះ ជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ពិតជាមានសារសំខាន់ចាំ បាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យយ៉ាងយកចិត្តដាក់ ពីមន្ត្រីកាំកុងត្រូលនៅផ្សារវាលយន្ត ក្រុងស្វាយរៀង បានរកឃើញវត្តមសារជាតិគីមី(បូរ៉ាក់)នៅក្នុង ប្រហិតប៉ាត់តេមានចំនួន៣៦គីឡូក្រាម ផលិតនៅភ្នំពេញ របស់ក្រុមហ៊ុន៩៩៩ ដែលជាការអះអាងរបស់អ្នកលក់ ត្រូវដកហូតយកទៅកំទេចចោល។
ជាលទ្ធផលបង្ហាញថា ក្រោយពីមន្ត្រីជំនាញ បានធ្វើកិច្ចការងារលើរឿងនេះ អាជីវករក៏បានយល់ព្រមបញ្ឈប់ដាក់លក់ទំនិញ ដែលហួសសុពលភាពប្រើប្រាស់ និងឈប់លក់ប្រភេទប្រហិត ដែលផ្ទុកនូវសារជាតិគីមី ព្រោះបានយល់ដឹងអំពីផលប៉ះពាល់ដល់ សុខភាពរបស់ពលរដ្ឋ។ ប្រភេទគីមីប៉ូរ៉ាក់នេះវាធ្វើឲ្យប៉ះពាល់ដល់ក្រពះពោះវៀន ថ្លើមយ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបានបរិភោគវា។
តែទោះជាយ៉ាងនេះក្តី ក៏ក្រុមការងារយើង នៅតែបន្តតាមដាន និងចុះពិនិត្យទំនិញឲ្យបានញឹកញ៉ាប់បន្ថែមទៀត នៅតាមទីផ្សារនានានៅក្នុងខេត្តស្វាយរៀង៕