(ស្ទឹងត្រែង)៖ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលរស់នៅទីជនបទដាច់ស្រាយ៉ាលមួយ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានត្អូញត្អែរពីការលំបាកពេលធ្វើដំណើរ មកសាលារៀនឲ្យបានទាន់ ពេលវេលា និងការប្រកបរបររកទទួលទានប្រចាំថ្ងៃ ដោយឆ្លងកាត់កំណាត់ផ្លូវលំមួយ និងស្ពានដ៏ចំណាស់១ខ្សែ ដែលកំពុងរងការខូចខាត ហើយមានហានិភ័យខ្លាំងមិនថា នៅក្នុងរដូវប្រាំង ឬរដូវវស្សានោះឡើយ។
យ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន បានអះអាងថា អាជ្ញាធរគ្រោងដំណើរការសាងសង់ស្ពាននេះនៅពេលខាងមុខនោះហើយ។
ស្ពាន និងផ្លូវលំជនបទដែលរងការខូចខាតខ្លាំង ហើយសិស្សានុសិស្សជិត១០០នាក់ កំពុងទទូចឲ្យអាជ្ញាធរឲ្យជួយសាងសង់នោះ គឺស្ថិតនៅក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ពាន១ខ្សែនេះ មានប្រវែងជាង៣០០ម៉ែត្រ។
យុវសិស្ស តាំង រ៉ូភីគីន និង ឃា តុលា តំណាងសិស្សានុសិស្ស៩៦នាក់ នៅក្នុងអនុវិទ្យាល័យចំការលើ បានរៀបរាប់ថា មិនថា នៅក្នុងរដូវប្រាំង ឬរដូវវស្សានោះទេ ប្រជាជន និងសិស្សានុសិស្ស នៅក្នុងមូលដ្ឋាននេះ តែងជួបការលំបាកយ៉ាងខ្លាំង នៅពេលធ្វើដំណើរពីផ្ទះ ឆ្ពោះទៅកាន់សាលារៀន និងការចេញប្រកបរបររកទទួលទានម្តងៗ។ យុវសិស្សទាំងពីរបានបន្តថា អ្វីដែលគួរឲ្យបារម្ភបំផុតនោះ ពេលពួកគេបានឃើញ អ្នកធ្វើដំណើរឆ្លងកាត់ស្ពានយោងដ៏តូចមួយនេះ ធ្លាក់ពីលើស្ពាននោះ រងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះតែស្ពាននេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានអាយុកាលជាង១០ឆ្នាំ កន្លងមកហើយនោះ។
យុវសិស្សតាំង រ៉ូភីគីន និង ឃា តុលា បានបន្តទៀតថា នៅពេលពួកគេជិះកង់ ឬម៉ូតូមករៀន ពួកគេមិនអាចជិះកង់ និងម៉ូតូឆ្លងកាត់ស្ពានឈើនោះបានទេ ដោយបង្ខំចិត្តសុំផ្ទះអ្នកភូមិ ដើម្បីផ្ញើមធ្យោបាយធ្វើដំណើរនៅទីនោះ ព្រោះស្ពានមានទំហំតូចចង្អៀត វែង ហើយចាស់ទ្រុឌទ្រោមយូរឆ្នាំមកហើយ និងអ្វីដែលសិស្សទាំងអស់ព្រួយបារម្ភបំផុតនោះ គឺភ័យខ្លាចធ្លាក់ ហើយធ្វើដំណើរមិនទាន់ម៉ោងសិក្សា។
ពួកគេថា នៅរយៈពេលកន្លងមកនេះ មានអ្នកដំណើរបានធ្លាក់ពីលើស្ពានចុះមកក្រោម រហូតមកទល់ពេលនេះ មិនទាន់ជាសះស្បើយនៅឡើយទេ។ យុវសិស្សទាំងពីរបន្តទៀតថា នៅក្នុងរដូវវស្សាកន្លងទៅនេះ ស្ពាននេះបានរងការវាយប្រហារ កាត់ផ្តាច់ជាអន្លើៗ ពីជំនន់ទឹកភ្លៀង ហើយត្រូវបានអាជ្ញាធរភូមិ-ឃុំ រួមជាមួយប្រជាពលរដ្ឋ បានរួមគ្នាជួសជុលឡើងវិញ ជាបណ្តោះអាសន្ន សំរាប់ឆ្លងកាត់ដោះដូរជីវភាព។
ចំណែក ផ្លូវលំជនបទមួយខ្សែនេះ ក៏មានការលំបាក ក្នុងពេលធ្វើដំណើរនោះដែរ។ យុវសិស្ស ក៏ដូចប្រជាពលរដ្ឋនៅមូលដ្ឋាននោះ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយពន្លឿនក្នុងការសាសង់ស្ពាន និងផ្លូវ១ខ្សែនេះឲ្យបានឆាប់ផង។
ជុំវិញការស្នើសុំធ្វើផ្លូវ និងស្ពានរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំចំការលើនោះ លោក ព្រះ ហែម មេឃុំនេះ បានប្រាប់ឲ្យដឹងថា ឃុំមានគម្រោងធ្វើស្ពាននោះហើយ នៅពេលខាងមុខនេះ ប៉ុន្តែ រង់ចាំដាក់ឲ្យដំណើរការដេញថ្លៃជាមុនសិន ហើយទីតាំងដែលសាងសង់ស្ពាននេះ អាចនឹងធ្វើនៅផ្នែកខាងក្រោមស្ពាន ចាស់ប្រហែល៣០ម៉ែត្រ។ ចំណែក ផ្លូវនោះវិញ ប្រសិនបើគម្រោងថវិកាធ្លាក់ទាំងពីរ ឃុំនឹងធ្វើទាំងផ្លូវ និងស្ពានព្រមគ្នាតែម្តង។ ចំណែកអភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានបញ្ជាក់ថា លោកនឹងចុះទៅពិនិត្យជាក់ស្តែង ថាតើត្រូវធ្វើយ៉ាងណា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ៕