(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំង ជាមួយការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ ដែលថាការបោះឆ្នោតនឹងមិនអាចធ្វើទៅបាន ប្រសិនបើមានភាពច្របូកច្របល់ ដែលសម្ដេចបានចាត់ទុកការផ្សាយនេះថា គ្មានការចេះដឹងទាល់តែសោះ។
ឆ្លើយតបការចេញផ្សាយនេះ ក្នុងពិធីផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតនៅកម្ពុជា ទាំងការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នៅតែបន្តទៅតាមកាលបរិច្ឆេទ ដូចការគ្រោងទុក គ្មានការប្រែប្រួលទោះមានរឿងអ្វីកើតឡើងក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែគូសបញ្ជាក់ថា អ្វីដែលបានកំណត់រួចហើយ គឺការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មិនត្រូវបានផ្លាស់ប្ដូរទេ គឺការបោះឆ្នោតនេះត្រូវបន្ដជិតឈានដល់ដំណាក់កាល នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាហើយ ឯការបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឬការបោះឆ្នោតជ្រើសរើសសមាជិកសភា នឹងត្រូវបន្ដធ្វើតាមការគ្រោងទុកគ្មានការផ្លាស់ប្ដូរណាមួយកើតឡើងទេ បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះត្រូវតែធ្វើឲ្យខាងតែបាន»។
ដើម្បីឲ្យកាសែតភ្នំពេញប៉ុស្ដិ៍ និងអ្នកវិភាគទាំងឡាយយល់កាន់តែច្បាស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានពន្យល់ដែរថា «នៅប្រទេសកម្ពុជា មានការកំណត់ច្បាស់លាស់មួយ ស្ដីពីសភា មាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរដ្ឋាភិបាលត្រូវរំលាយ២ដង ក្នុងរយៈពេល១២ខែ មានន័យថា ការបោះឆ្នោតនៅកម្ពុជាគឺមិនប្រគល់សិទ្ធិនោះ ទៅឲ្យនាយករដ្ឋមន្ដ្រី ដូចប្រទេសនានាទេ ក៏មិនថ្វាយទៅព្រះមហាក្សត្រ ហើយក៏មិនឲ្យសភាខ្លួនឯងដែរ សភាខ្លួនឯងគ្មានសិទ្ធិរំលាយសភាខ្លួនឯងនោះទេ លើកលែងតែខ្លួនចង់រំលាយ ត្រូវរំលាយរដ្ឋាភិបាល២ដង»។
ការប្រតិកម្មខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងជាលើកទី២ បន្ទាប់ពីសម្ដេចបានប្រតិកម្មតាមរយៈទំព័រ Facebook ផ្លូវការរបស់សម្ដេច នៅព្រឹកមិញនេះដូចគ្នាដែរ។ សម្ដេចតេជោ បានហៅការប្រតិកម្មនៅ Facebook នេះជារឿងត្រឹមត្រូវ និងច្បាស់បំផុត ព្រោះថាបើរង់ចាំកាសែតភ្នំពេញប៉ុស្ដិ៍ ធ្វើការផ្សាយកែតម្រូវវិញនោះ មិនដឹងថាពេលណានោះទេ។
ជាមួយនឹងការប្រតិកម្មនេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការប្រតិកម្មនេះ នឹងធ្វើឲ្យកាសែរភ្នំពេញប៉ុស្តិ៍នឹងរៀនស្តាប់របៀបអត្ថាធិប្បាយ របស់សម្ដេចឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិភាគផងដែរ ដែលចាំតែបន្ទរតាមក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់) ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថា ខ្ញុំនឹងលុបចោល ឬពន្យារការបោះឆ្នោតនាពេលខាងមុខ។ ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិភាគផងដែរ»៕