(ស្វាយរៀង)៖ យោងតាមអនុសាសន៍របស់លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង លោក កែរ រដ្ឋា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាល បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិក ក្នុងបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក។
ការពិនិត្យ ព្យាបាលជំងឺនេះ មានការចូលរួមពីក្រុមគ្រូពេទ្យចំនួន២៧នាក់ ដោយបានពិនិត្យ ព្យាបាលជំងឺទូទៅ កុមារ ជំងឺរមាស់ សើស្បែក សរុប៤១៦នាក់ ស្រី២៩៣នាក់។ ចំពោះឱសថ មួយចំនួន បានទទួលពីក្រសួងសុខាភិបាល និងមួយចំនួនទៀត ទទួលបានពីការឧបត្ថម្ភរបស់លោកស្រីបណ្ឌិត ម៉ែន សំអន។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក។ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល បានដាក់ផែនការចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ក្នុងមួយខែម្តង រហូតដល់មណ្ឌលសុខភាពគគីរ បានសាងសង់រួចរាល់ជាស្ថាពរ៕