(ភ្នំពេញ)៖ មន្ត្រីជំនាញសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានចែករំលែកចំណេះដឹង ជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ និងវិធានការពាក់ព័ន្ធរួម ដល់សិស្ស និងលោកគ្រូ អ្នកគ្រូ បឋមសិក្សាច្បារអំពៅចំនួន១២០០នាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានណែនាំដល់ប្អូនៗកូនៗទាំងអស់ យកចិត្តទុកដាក់ទៅលើសុវត្ថិភាពម្ហូបអាហារ ពិសេសមុននឹងបរិភោគអ្វីមួយ ត្រូវពិនិត្យពីកាលបរិច្ឆេទឲ្យបានត្រឹមត្រូវមុននឹងបរិភោគ។

លោក ប៊ុន ចំរើន បានថ្លែងផ្តាំផ្ញើដល់ប្អូនៗ សិស្សានុសិស្ស ទាំងត្រូវចៀសឲ្យឆ្ងាយចំពោះគ្រឿងញៀន និងចៀសវាងការសេពគ្រឿងស្រវឹង និងជក់បារី សូមកុំសាកឲ្យសោះ ព្រោះកត្តា ទាំងនេះធ្វើឲ្យប៉ះពាល់ធ្ងន់ ដល់សុខមាលភាពគ្រួសារ និងសង្គមតាមរយៈការដុតបំផ្លាញសុខភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ។

លោកប្រធានសាខា ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជា អាជីវករ មេត្តាជួយពន្យល់បន្ថែមពី សុវត្ថិភាព ម្ហូបអាហារ ដល់សិស្ស ក៏ដូចជាបងប្អូននៅ តាមមូលដ្ឋានរបស់ខ្លួនផងដែរ។

លោក ប៊ុន ចំរើន បានថ្លែងថា នេះជាសកម្មភាពប្រចាំខែ និងប្រចាំឆ្នាំ សម្រាប់មន្រ្តីជំនាញកាំកុងត្រូល ចុះមកណែនាំតាមសាលា ក៏ដូចជា តាមទីផ្សារ ដើម្បីឲ្យបងបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាប្អូនៗ សិស្សសាលា យល់ដឹងទាំងខាងផ្នែកច្បាប់ ទាំងចំណេះដឹងមូលដ្ឋាន ជុំវិញការនាំចូល ការដឹកជញ្ជូន ការរក្សាទុក ការចែកចាយ រួមទាំងរបៀប នៃការចំអិនផងដែរ ដល់អ្នកធ្វើអាជីវកម្មពាក់ព័ន្ធម្ហូបអាហារ ទាំងអស់នៅទូទាំងប្រទេស។

លោក ប៊ុន ចំរើន ក៏បានថ្លែងអំណរគុណ ដល់លោកនាយកសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរនៅក្នុងសាលា ដែលបានចូលរួមស្តាប់ផងដែរ៕