(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បានចេញដីកាបន្ថែមបង្គាប់ឲ្យឃុំខ្លួន ឈ្មួញដី២នាក់ ដែលឆបោកលក់ដីខ្យល់ និងក្លែងឯកសារទិញលក់ដី ក្រោមបទចោទប្រកាន់ថ្មីបន្ថែមទៀត។ នេះបើតាមមន្ដ្រីតុលាការប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។
សូមជម្រាបថា តុលាការធ្លាប់បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន បុរសទាំង២នាក់នេះម្ដងរូចមកហើយ ក្រោមបទចោទ «ឆបោក» មួយករណី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨កន្លង ប៉ុន្ដែដីកាបង្គាប់ឲ្យឃុំខ្លួនថ្មីនេះ ពាក់ព័ន្ធបទចោទ៣ថ្មីបន្ថែមទៀត។
យោងតាមប្រភពពីមន្ត្រីពន្ធនាគារបានឲ្យដឹងថា លោក សេង លាង ជាចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ ទី១៖ ឈ្មោះ ស៊ុន សៀង អាយុ៤៨ឆ្នាំ និងទី២៖ ឈ្មោះ ហេង សាន អាយុ៤៥ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី សាកសួរពាក់ព័ន្ធបទចោទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ដែលបានប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមប្រភពពីមន្ត្រីតុលាការ បានបង្ហើបថា ក្រៅពីក្លែងបន្លំ ប្រើប្រាស់ឯកសារក្លែង និងឆបោកប្រជាពលរដ្ឋរឿងទិញលក់ដីនោះ ជនត្រូវចោទទាំង២នាក់ខាងលើ ថែមទាំងបានប្រើតួនាទីជា កងអង្គរក្សក្លែងក្លាយ ទៅអួតអាងឲ្យប្រជាពលរដ្ឋជឿជាក់លើពួកគេ និងគំរាមអាជ្ញាធរមូលដ្ឋានថែមទៀតផង។
គួររំលឹកថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ខាងលើនេះ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកា បង្គាប់ឲ្យនាំខ្លូន លេខ ១០០៦ «ឃ១» ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០០៧ «ឃ១» ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដី ចំនួន៦,០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឲ្យដើមបណ្តឹង៕