(ភ្នំពេញ)៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា ការបោះឆ្នោតនៅកម្ពុជានឹងធ្វើតាមការកំណត់មិនប្រែប្រួល, គណបក្សយុវជនកម្ពុជា បានប្រកាសថា ខ្លួនបានត្រៀមរួចជាស្រេចហើយ ក្នុងការចូលរួមបោះឆ្នោតជាតិជ្រើសតាំងសមាជិកព្រឹទ្ធ និងបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅឆ្នាំ២០១៨នេះ។ នេះបើតាមការលើកឡើងរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាកីឡាករមួយរូប ខ្ញុំសូមប្រកាសថា នឹងរក្សាជំហរចូលរួមប្រកួតជានិច្ច ដរាបណាគណៈកម្មាធិការរៀបចំការប្រកួតនៅតែបន្ត កម្មវិធីប្រកួតនិងឈរលើចក្ខុវិស័យស្មើរភាព។ ក្នុងន័យនេះ គណបក្សយុវជនកម្ពុជា បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងនូវសមាជិកព្រឹទ្ធសភា និងជ្រើសតាំងសមាជិករដ្ឋសភាជាតិថ្ងៃខាងមុខ»។
បើតាមលោក ពេជ្រ ស្រស់, ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅចុងខែកក្កដាខាងមុខ គណបក្សយុវជន នឹងដាក់បេក្ខភាពរបស់ខ្លួនឱ្យឈរឈ្មោះ យ៉ាងហោចណាស់៥មណ្ឌលនៅទូទាំងប្រទេស ដែលក្នុងនោះមានរាជធានីភ្នំពេញ, ខេត្តត្បូងឃ្មុំ, កំពង់ស្ពឺ, កណ្តាល និងខេត្តបាត់ដំបងជាដើម។ ការទទួលបានអសនៈឬយ៉ាងណា អាស្រ័យលើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតធំៗ២ នៅក្នុងឆ្នាំ២០១៨នេះ ក្នុងនោះមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕