(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បាននាំយកបច្ច័យចំនួន ២លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគេនថ្វាយព្រះសង្ឃគង់នៅវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ ដើម្បីជួយទំនុកបម្រុងដល់បេក្ខសមណសិស្ស និងគណៈមេប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (សាលាបាលីរង) ចំនួន៥០០អង្គ។
គ្រឿងឧបរិភោគ-បរិភោគទាំងនោះ រួមមាន៖ អង្ករ១តោន មី២៤កេះ ទឹកបរិសុទ្ធ២០កេះ ទឹកក្រូច២០កេះ និងបច្ច័យ២លានរៀលផងដែរ។
ការប្រគេននូវគ្រឿងឧបរិភោគ-បរិភោគទាំងនេះ គឺជាការលើកស្ទួយ ក៏ដូចជាការជួយគាំទ្រព្រះពុទ្ធសាសនា ក្នុងគោលបំណងចូលរួមអភិរក្ស និងជាការជួយសម្រួលក្នុងការផ្គត់ផ្គង់នូវចង្ហាន់ ក្នុងរយៈពេល៣ថ្ងៃ នៃការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ៣កើត ៤កើត ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩-២០-២១ ខែមករា ឆ្នាំ២០១៨ ដែលនិមន្តមកពីតាមបណ្ណាក្រុង-ស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ។
លោកអភិបាលខេត្ត និងព្រះសត្ថាបារមី សៀង សុខ ព្រះមេគុណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្ត បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មេត្តាជួយឧបត្ថម្ភនូវសម្ភារមួយចំនួន ដូចជា អង្ករ ម្ហូប ភេសជ្ជៈ សៀវភៅ ប៊ិច និងបច្ច័យសម្រាប់ផ្គត់ដល់សាមណសិស្ស សិស្ស ដែលនិមន្ត និងអញ្ជើញមកប្រឡងចូលររៀននៅពុទ្ធិកមធ្យមសិក្សាបឋមភូមិនេះ៕