(ភ្នំពេញ)៖ លោកស្រី ឡៅ គីមលាង ដែលមានឳពុកម្តាយ បងប្អូនបង្កើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងក្រោយមកមានស្វាមីជាគ្រូពេទ្យឈ្មោះ អេង បានផ្លាស់ទីលំនៅទៅរស់នៅជាយដែនក្នុងតំបន់អូរជ្រៅ កូបនិមិត្ត ក្បែរព្រំដែនកម្ពុជាថៃ គឺជាស្ត្រីខ្មែរមួយរូបដែលត្រេកអរនឹងស្រុកទេសមានសុខសន្តិភាព និងក៏បានប្រាថ្នាផងដែរថា « បើជាតិក្រោយមានមែន ខ្ញុំសូមកើតមកនៅលើទឹកដីនេះទៀត»។ (សូមទស្សនាវិដេអូ)
បន្ទាប់ពីបានហែលឆ្លងមហាទុក្ខសោកវេទនា ការលំបាក់ដ៏ក្រៃលែងរកទីបំផុតគ្មាន រហូតបានរួចជីវិតពីការកាប់សម្លាប់នៃពួកបនប្រល័យពូជសាសន៍ ប៉ុល ពត និងបានតស៊ូភៀសខ្លួនជាមួយកូនតូចៗ ធ្វើដំណើរផ្សងព្រេង ត្រាច់រង្គាត់ ដើម្បីស្វែងរកស្វាមីរហូតបានទៅរស់នៅឯក្រៅប្រទេសមួយរយៈមកនោះ បាននិពន្ធសៀវភៅមួយកម្រាស់៣៤៤ទំព័រ រៀបរាប់អំពីខ្សែជីវិតពិត និងការតស៊ូ ពុះពារឆ្លងកាត់ឧបសគ្គ១ម៉ឺនគ្រោះថ្នាក់ រួមសុខ រួមទុក្ខជាមួយកូនៗអាយុក្រោម១១ឆ្នាំចំនួន៧នាក់ក្នុងបន្ទុកផ្ទាល់ ខណៈពេលស្ថិតនៅក្រោម និងក្រោយការគ្រប់គ្រងរបស់ខ្មែរក្រហម។
រឿងនេះបានលាតត្រដាងអំពីការតស៊ូរបស់នារីខ្មែរម្នាក់ជាមួយគ្រួសារ ក្នុងពេលត្រូវគេជម្លៀសឲ្យចេញពីទីលំនៅ ពីផ្សារនិមិត្តទៅកាន់ទីជនបទ ធ្វើដំណើរកាត់ព្រៃ ភ្លៀង ខ្យល់ យប់ងងឹត នៅតាមផ្លូវត្រូវបែកពីប្តី ឳពុក កូនៗ និងការឈឺចាប់ខ្លោចផ្សានៃការរស់នៅក្នុងសម័យពួកអាវខ្មៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺគិតចាប់ត្រឹមពី ៣ថ្ងៃ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥មកម៉្លេះ។
ជាមួយនឹងដំណើរជីវិតដ៏សោកសៅ និងការតស៊ូ ស្ត្រីរូបនេះ បាននាំកូនចំនួន៧នាក់ឆ្លងកាត់គ្រោះថ្នាក់រាប់មិនអស់ និងក្រោយពេលដួលរលំពួកបនប្រល័យពូជសាសន៍ ប៉ុល ពត រួចហើយ ម្តាយនិងកូនតូចៗធ្វើដំណើរដោយថ្មើជើងក្នុងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ ពេលភៀសខ្លួន ហើយត្រូវបានគេដឹកជញ្ជូនយកទៅចាក់ចោលនៅតំបន់ភ្នំព្រះវិហារ និងត្រូវគេបង្ខំឲ្យចុះពីចំណោតភ្នំមកកម្ពុជាវិញ កាត់ព្រៃ តោងវល្លិ៍ (កូនតូចអាយុ៤ឆ្នាំ ប្រឹងតោងវល្លិ៍ចុះមកក្រោម ប៊ិះនឹងធ្លាក់ចូលជ្រោះ កុំតែបានអ្នកដំណើរជាមួយជួយទាន់)។
ក្នុងពេលឆ្លងជ្រោះជ្រលងភ្នំ អ្នកខ្លះជាន់មីនស្លាប់ របួស ដាច់បាយ គ្មានទឹក ជួបឧបសគ្គនៅតាមផ្លូវអស់ជាច្រើនថ្ងៃ ។ ក្រោយមកលោកស្រី និងកូនៗ បានព្យាយាមតស៊ូវិលត្រឡប់ឆ្លងចូលទៅតំបន់ជំរុំជាលើកទី២ ក្នុងទឹកដីថៃ រហូតបានទៅជួបប្តីនៅឯប្រទេសបារាំង ដោយសុវត្ថិភាព។
នៅពេលជួបការលំបាក វេទនារកទីបំផុតគ្មាន ដែលស្ថិតក្នុងក្រញាំនៃពួកខ្មែរក្រហម ជីវិតរបស់ស្ត្រីរូបនេះ និងគ្រួសារ ក៏ប្រហាក់ប្រហែលគ្នាមិនខុសពីជីវិតរបស់ពលរដ្ឋកម្ពុជារាប់លាននាក់ឯទៀត ដែលបានឆ្លងកាត់របបឃោរឃៅនោះ ក្នុងពេលប្រទេសជាតិបានរងគ្រោះដោយលទ្ធិជ្រុលនិយមតាមការស្រមៃរបស់បញ្ញាវន្តខ្មែរមួយពួកដែលបានទៅសិក្សានៅប្រទេសបារាំង ហើយបានលង់ខ្លួនក្នុងមនោគមន៍វិជ្ជាបរទេស មកសាបព្រួសលើជនជាតិខ្លួនឯង និងកាប់សម្លាប់ខ្មែរគ្នាឯងអស់ជិត៣លាននាក់។
ជីវិតក្នុងរបប ប៉ុល ពត ពិតជាឈឺចាប់ខ្លោចផ្សា ដោយសារពួកយង់ឃ្នងនោះ បានបង្ខំឲ្យប្រជាពលរដ្ឋខ្មែរធ្វើការធ្ងន់ហួសកម្លាំង បង្អត់អាហារ និងការធ្វើទារុណកម្មនានាលើមនុស្សពេញវ័យ និងកុមារ។
ក្នុងសំណេររបស់លោកស្រី ឡៅ គីមលាង ក៏បានរៀបរាប់ថា នៅពេលនោះពលរដ្ឋខ្មែរជាទូទៅតែងតែបន់ព្រះ សំពះទេព្តា និងវត្ថុស័ក្តិសិទ្ធក្នុងលោក ធ្វើយ៉ាងណាឲ្យពួកប៉ុល ពត ទុកជីវិត និងទន្ទឹងរង់ចាំអ្នកជួយសង្គ្រោះ។ លោកស្រី បានបន្ថែមថា ពេលនេះរបបខ្មែរក្រហមដ៏ឃោរឃៅបានរលំរលាយហើយ ។
ជាមួយលំហូរនៃសាច់រឿងមួយចំណែកនៃអតីតកាល និងការរលឹកដឹងគុណទៅដល់អ្នកមានចិត្តល្អ សប្បុរស ឪពុកម្តាយ និងសាច់ញាតិទាំងសងខាងរបស់គ្រួសារ មិត្តភក្តិ បងប្អូន ដែលបានរួមសុខទុក្ខជាមួយគ្នាក្នុងគ្រាលំបាក ហើយបើទោះបីជាលោកស្រីដែលបានរួចផុតជីវិតពីសេចក្តីស្លាប់ជាមួយកូន និងបានចាត់ទុកកូនៗជាបេះដូងម៉ែ ដែលពោរពេញទៅដោយព្រហ្មវិហារធម៌ និងការស្រឡាញ់កាត់ថ្លៃមិនបានយ៉ាងណាក្តី ក៏លោកស្រី ឡៅ គីមលាង មិនភ្លេចសោះឡើយ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជាដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ម៉្យាងវិញទៀត បើទោះបីជាលោកស្រីបាននាំកូនៗទាំង៧នាក់ទៅរស់នៅ និងបានសិក្សារៀនសូត្រនៅឯក្រៅប្រទេស និងក្រោយមកលោកស្រី និងកូនមួយចំនួនបានមករស់នៅក្នុងប្រទេសកម្ពុជាវិញក្តី ប៉ុន្តែលោកស្រី ឡៅ គីមលាង ដែលជាអ្នកនិពន្ធខ្សែជីវិតពិតផ្ទាល់ខ្លួន បានបញ្ជាក់ថា សៀវភៅនេះអាចជាឯកសារដែលរំឮកអំពីអនុស្សាវរីយ៍ និងបទពិសោធដ៏ជូរចត់ នៃការរស់នៅ និងការតស៊ូគ្រប់បែបយ៉ាងដើម្បីរស់រានមានជីវិតក្រោមរបបខ្មែរក្រហមជូនសាធារណជនខ្មែរជំនាន់ក្រោយបានជ្រាប ដើម្បីឲ្យចេះរួបរួមគ្នារារាំងកុំឲ្យមនោគមន៍វិជ្ជានៃរបបឃោរឃៅបែបនេះអាចមានពន្លកជាថ្មីទៀតបាន។
សៀវភៅនេះក៏បានរំលេចផងដែរថា ជីវភាពថ្មីដ៏លំបាកលំបិនបំផុត ដែលអ្នកនិពន្ធ និងគ្រួសារមិនដែលបានជួបប្រទះសោះពីមុនមក ប៉ុន្តែ ក្រោយថ្ងៃទី១៧ មេសា ១៩៧៥ បានលត់ដំស្ត្រីរូបនេះដែលធ្លាប់មានស្វាមីជាមន្ត្រីរាជការ អតីតមន្ត្រីពេទ្យនៅមជ្ឈមណ្ឌលសុខភាពអូរជ្រៅ(ប៉ោយប៉ែត) ឲ្យស្គាល់ និងរស់នៅក្នុងជីវភាពតោកយ៉ាកដូចប្រជាជនក្រីក្រដទៃទៀត ក្នុងតំបន់ដាច់ស្រយាល ក្រោមនឹមត្រួតត្រារបស់ពួកអាវខ្មៅ។
ដំណើរជីវិត និងការតស៊ូរបស់គ្រួសារលោកស្រី ឡៅ គីមលាង នៅក្រោមរបបផ្តាច់ការខ្មែរក្រហម អំឡុងពេលនោះ ក៏ត្រូវបានអ្នកសារព័ត៌មានបារាំងសម្ភាសន៍ និងផ្សាយតាមទូរទស្សន៍ អង់តែន២ ហៅ A2 ផងដែរ។ ទុក្ខសោករាប់មិនអស់នៅតាមផ្លូវទៅកាន់ប្រទេសថៃ ខណៈលោកស្រីផ្សងព្រេងនាំកូនភៀសខ្លួនទៅក្រៅប្រទេស ម្តងហើយ ម្តងទៀតទម្រាំបានដល់ទីដៅ ក៏បានបង្កប់ទៅដោយអត្ថន័យសម្រាប់អ្នកអាន តាមដាន ចង់ដឹងផងដែរ។
សំណេររបស់លោកស្រី ឡៅ គីមលាង បានបញ្ចប់ដោយពាក្យថា « សូមសុខសន្តិភាពមានដល់មាតុភូមិរបស់ខ្ញុំជារៀងរហូតតទៅ»។