(ក្រចេះ)៖ ពាក់ព័ន្ធករណីសិស្សវិទ្យាល័យសម្ដេច ហ៊ុន សែន ក្រុងក្រចេះ រាប់រយនាក់ អត់ទឹកស្អាតប្រើប្រាស់ ហើយចោទប្រកាន់ថា ក្រុមហ៊ុនទឹកស្អាតក្រុងក្រចេះ ផ្តាច់ទឹកចោល ពីព្រោះខាងសាលាគ្មានលទ្ធភាព បង់ថ្លៃទឹក២លានរៀលនោះ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនទឹកស្អាត «វ៉ធើរទ្រីតម៉ិនផ្លេន» បានបញ្ជាក់ពីមូលហេតុថា ការផ្ដាច់ទឹកនេះមិនមែនដោយសារសាលាគ្មានលុយបង់នោះទេ ពោលដោយសារតែទុយោនៅខាងក្រោមបែកធ្លាយទើបផ្ដាច់បែបនេះ។

បើតាមតំណាងក្រុមហ៊ុន «វ៉ធើរទ្រីតម៉ិនផ្លេន» ការផ្ដាច់ទឹកនេះគឺគ្រាន់តែផ្ដាប់បណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះកាលណាបើមិនផ្ដាច់ទឹកនោះទេ បណ្ដាលឲ្យទឹកចេះតែហូរចោលនាំឲ្យខាតបង់ច្រើន ហើយបញ្ហានេះដែរ ក្រុមហ៊ុនក៏កំពុងតែដុតដៃដុតជើង ដើម្បីជួសជុលឡើងវិញ។ មួយវិញទៀត មូលហេតុដែលក្រុមហ៊ុនផ្លាស់ប្ដូរកុងទ័រនោះ ដោយសារកុងទ័រខូច ហើយកុងទ័រថ្មីគឺមានការថ្លឹងត្រឹមត្រូវ។

យ៉ាងណាមិញ ពាក់ព័ន្ធជាមួយលុយដែលសាលាត្រូវបង់២លានរៀលថ្លៃប្រើប្រាស់ទឹកនោះ ខាងក្រុមហ៊ុន ក៏កំពុងតែរកដំណោះស្រាយ ដើម្បីជួយសម្រួលដល់សាលា និងនាយកផងដែរ។

តំណាងក្រុមហ៊ុន «វ៉ធើរទ្រីតម៉ិនផ្លេន» ក៏បានអះអាងដែរថា​​​ ​ក្រុមហ៊ុនទឹកស្អាតរបស់លោក ពេលកន្លងមកនៅ គ្រប់វត្តអារាម និងសាលាចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់វិទ្យាល័យ ប្រសិនបើប្រើប្រាស់ទឹកត្រឹម១០ម៉ែត្រគូបចុះក្រោម ក្រុមហ៊ុនមិនបានគិតលុយនោះទេ។

​សូមជម្រាបថា សិស្សានុសិស្សសាលាវិទ្យាល័យ សម្ដេច ហ៊ុន សែន ក្រុងក្រចេះ រាប់រយនាក់ បាននិងកំពុងតែគ្មានទឹកប្រើប្រាស់ ក្រោយក្រុមហ៊ុនទឹកស្អាតក្រុងក្រចេះ (ក្រុមហ៊ុនរកស៊ីលក់ទឹក) បានផ្ដាច់ទឹកចោល មូលហេតុខាងសាលា មិនមានលទ្ធភាព បង់ថ្លៃទឹកចំនួន២ខែ ស្មើទឹកប្រាក់ចំនួន២លានរៀល បន្ទាប់ពីប្ដូរកុងទ័រទឹកថ្មី ពោលលើសកុងទ័រចាស់ គុណនិង១០ដងឯណោះ។ នេះជាការថ្លែងប្រាប់របស់លោក អ៊ុក ទុំ នាយកវិទ្យាល័យមួយនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ និងសុំឲ្យជួយផ្សព្វផ្សាយផង។

លោក អ៊ុក ទុំ បានបញ្ជាក់ថា «ទឹកស្អាតក្រុងចេះ បានមកផ្ដាច់ទឹកនៅសាលា កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ ដោយមិនមានដំណោះស្រាយ»

លោកនាយកបញ្ជាក់ទៀតថា កាលពីមុនសាលាធ្លាប់ប្រើប្រាស់ទឹក អស់ត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ ស្រាប់តែពេលប្ដូរកុងទ័រថ្មី តម្លៃកើនឡើងគុណនិង១០ដងឯណោះ។ ក្រោយតម្លៃខុសគ្នាច្រើនពេក សាលាគ្មានលទ្ធភាពបង់ផ្លៃជូនទឹកស្អាតនោះទេ។

លោកនាយកបន្ដទៀតថា ប្រសិនបើខាងទឹកស្អាត សម្រួលក្នុងកម្រិតណាមួយ ដែលអាចទទួលយកបាននោះ លោកសុខចិត្តរៃអង្គាសពីសិស្សបន្តិចបន្ទួច យកទៅបង់ជូន តែនេះវាច្រើនពេក លោកគ្មានលទ្ធភាពនោះទេ។ លោកថា អាណិតសិស្សណាស់សព្វថ្ងៃ ចង់ឲ្យសិស្សចេះកុំព្យូទ័រ លោកសុខចិត្តដើរសុំលុយគេដើម្បីដោះស្រាយ តែគ្រាន់ថ្លៃភ្លើង ក្នុង១ខែអស់៤០ម៉ឺនរៀល ហើយលោកពិតជាលំបាកណាស់​៕