(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ផ្លូវជាតិលេខ២ ស្ថិតក្នុងចង្កោមផ្លូវសំខាន់ៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងមានវិធានការណ៍លើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ។ ដូច្នេះអាជ្ញាធរខណ្ឌមានជ័យ ក៏ដូចអាជ្ញាធរសង្កាត់ពាក់ពន្ធ័ត្រូវមានវិធានការជាបន្ទាន់ ពីរឿងរៀបចំសណ្តាប់ធ្នាប់លើកំណាត់ផ្លូវជាតិលេខ២នេះ មិនអាចបណ្តែតបណ្តោយបានទេ ដោយយកពិសោធន៏ដូចនៅមុខភោជនីដ្ឋានថ្មដារ និងភោជនីយ៏ដ្ឋានកូបេ ផ្លូវកម្ពុជាក្រោម។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំសណ្តាប់ធ្នាប់ លើកំណាត់ផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ ដល់ព្រំប្រទល់ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋបាលរាជធានីភ្នំពេញ។
លោកអភិបាលរងរាជធានី ក៏បានផ្តល់ការចាប់អារម្មណ៍ ពីការដាក់របាំងដែកនៅចំណុចស្មុគស្មាញ ដោយកំណត់ឲ្យប្រើប្រាស់ចិញ្ចើមត្រឹម១ភាគ៣ ក្រោយពីសុំគោលការឯកភាពពីលោកអភិបាលរាជធានីភ្នំពេញ។
លោក កើត ឆែ បានបន្តថា អាជ្ញាធរត្រូវជូនដំណឹងទៀតដល់អ្នកលក់ដូរ ក៏ដូចម្ចាស់ផ្ទះដែលជួលមុខផ្ទះឲ្យគេលក់ដូរ ដោយលើកវិធានការណ៍៣ចំណុច ចំពោះអ្នករឹងរូសមិនព្រមអនុវត្តតាមការណែនាំ គឺ៖ ការដាក់របាំងដែក, ការបិទអាជីវកម្ម និងប្តឹងឡើងតុលាការតែម្តង។
ពាក់ព័ន្ធការរៀបចំសណ្តាប់ធ្នាប់លើផ្លូវជាតិលេខ២នេះដែរ មន្ត្រីបានលើកឡើងថា ផ្តើមចេញពីភាពធុញទ្រាន់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរតាមដងផ្លូវសាធារណៈដែលកើតឡើងដដែលៗនោះ សមត្ថកិច្ចខណ្ឌមានជ័យ បានស្នើឲ្យឈប់ប្រើពាក្យវែកចកតទៅទៀត គឺដល់ពេលត្រូវលើកចកចេញតែម្តង ជៀសវាងរឿងដដែលៗកើតឡើងទៀត ។ អាជ្ញាធរ និងសមត្ថកិច្ចយើងគួរឈប់ប្រើពាក្យថាវែកចក, ក្នុងការរៀបសណ្តាប់ធ្នាប់តាមដងផ្លូវតទៅទៀតហើយ ត្រូវប្រើពាក្យថ្មីថាលើកចកចេញ។
ក្នុងកិច្ចប្រជុំនោះ អាជ្ញាធរសង្កាត់ ខណ្ឌ ដែលពាក់ពន្ធ័បានលើកឡើងថា អាជ្ញាធរបានជូនដំណឹង និងបានណែនាំជាប្រចាំ សុំឲ្យបងប្អូនលក់ដូរចូលក្នុង កុំលក់លើផ្លូវ និងចតយានជំនិះបែបអាណាធិបតេយ្យ។ តែហាក់ដូចជាគ្មានប្រសិទ្ធភាព ជាងនេះទៀតបងប្អូនខ្លះ បានប្រើកាំបិត ឬជះទឹកសម្លរដាក់សមត្ថកិច្ចថែមទៀត ជាពិសេសអ្នកលក់បន្លែ ផ្លែឈើ ខោអាវជជុះជាដើម ដែលយកផ្លូវធ្វើផ្សារ បង្កការបាត់សណ្តាប់ធ្នាប់ បង្កការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរថែមទៀត។ ក្នុងនោះម្ចាស់ផ្ទះខ្លះក៏យកចិញ្ចើមផ្លូវមុខផ្ទះរបស់ខ្លួន ដែលជាផ្លូវសាធារណៈទៅជួលឲ្យគេលក់ដូរ បង្កភាពស្មុកស្មាញ និងរញ៉េរញ៉ៃខ្លាំង៕