(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានព្រមានដល់ លោកស្រី ជា ស៊ុនដាណែត នាយិកាស្ថានីយវិទ្យុស្រ្តី FM102 MHz ឲ្យបញ្ឈប់ការជួលហ្វ្រេកង់របស់ខ្លួនឲ្យទៅអ្នកដទៃ ដោយមិនមានច្បាប់អនុញ្ញាត។ នេះបើយោងតាម លិខិតព្រមានដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ។
មូលហេតុ នៃការព្រមាននេះ ត្រូវបានក្រសួងបញ្ជាក់ថា កន្លងមក ស្ថានីយវិទ្យុស្ត្រី បានជួលហ្វេ្រកង់វិទ្យុ ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយជួលបន្តដល់វិទ្យុ នៅតាមបណ្តាខេត្ត ដោយបំពានលើប្រកាសរបស់ក្រសួងព័ត៌មាន ដែលតម្រូវឲ្យស្នើសុំការអនុញ្ញាតជាមុន ក្នុងករណីជួលទៅហ្វ្រេកង់ ទៅឲ្យអ្នកដទៃធ្វើអាជីកម្ម។
ក្រសួងព័ត៌មាន បានណែនាំថា ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ប្រសិនបើលោកស្រី ជា ស៊ុនដាណែត ចង់ជួលអាជ្ញាប័ណ្ណបន្តទៀត ត្រូវបំពេញ សំណុំបែបបទ ស្នើសុំការអនុញ្ញាតសិន បើក្នុងករណីនៅតែបំពានលើសេចក្តីជូនដំណឹងនេះ ក្រសួងនឹងដកហូតប្រកាស ដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មវិទ្យុស្ត្រី FM102 MHz នេះវិញជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់តែម្តង៕