យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់១,៤៤៣គ្រឿង និងផាកពិន័យ៩០៨គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្តបាន៧៦៥គ្រឿង
17-01-2018 18:00
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,១០៩គ្រឿង រកឃើញល្មើសច្បាប់១,៤៤៣គ្រឿង (ម៉ូតូ៨៩ភាគរយ) អប់រំ៥៣៥គ្រឿង និងផាកពិន័យ៩០៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣,៧៩៨គ្រឿង អប់រំ២៧៤គ្រឿង និងផាកពិន័យចំនួន៧៣៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៦៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩១,៥៨៦គ្រឿង រកឃើញយានយន្តល្មើស ១៥,៧៤៩គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៥,២៧៤គ្រឿង និងផាកពិន័យ ១០,៤៧៥គ្រឿង (ម៉ូតូ៩៣ភាគរយ)៕