(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។ ពិធីនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។

ខ្លឹមសារនៅក្នុងគោលនយោបាយនេះ បានបង្ហាញថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំ និងមានសង្គតិភាពទៅនឹងគោលនយោបាយនានា ដែលបាននិងកំពុងដាក់ឲ្យអនុវត្ត។

គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ ក៏ជាផែនទីមគ្គុទ្ទេសក៏រយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពមនុស្សចាស់នៅក្នុងប្រទេស ដែលរំលេចឲ្យឃើញពីតថភាព នៃការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ព្រមទាំងដាក់ចេញនូវ គោលដៅយុទ្ធសាស្ដ្រ និងផែនការសកម្ម ភាព ២០១៨-២០២០ សំដៅអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព ស្របតាមស្ថានភាពនៃការវិវត្តន៍របស់កម្ពុជា។

ក្នុងរបាយការណ៍នាយកដ្ឋានសុខភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើងនៅក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ស្មើនឹង ១,២ លាននាក់ នៃប្រជាជនសរុប ១៥លាននាក់ ហើយត្រូវបានព្យាករណ៍ នឹងមានកំណើនរហូតដល់ ១១% ស្មើនឹង ២លាននាក់) នៃប្រជាជនសរុបប្រមាណ ១៨លាននាក់ នៅឆ្នាំ២០៣០។

គោលនយោបាយបានបង្ហាញដែរថា កត្ដាប្រជាសាស្ដ្រ នៃការឈានទៅរកវ័យចាស់នៅកម្ពុជា គឺជាមូលដ្ឋានសម្រាប់គិតគូរ និងបញ្ចូល បញ្ហាមនុស្សចាស់ទៅក្នុងបរិការណ៍នៃដំណើរការអភិវឌ្ឍន៍ និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យមនុស្សចាស់ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពហុវិស័យ។

គោលនយោបាយនេះ មានអាទិភាពការងារចំនួន ០៩រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានអំណោយផល, សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម, ទំនាក់ទំនងអន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន និង ការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានប្រាប់ Fresh News ថា ដំណើរការនៃការរៀបចំគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ ត្រូវបានទទួលការយកចិត្ដទុកដាក់ និង មានកិច្ចសហការយ៉ាងល្អពីក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដូចជាអង្គការមនុស្សចាស់កម្ពុជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ ប្រជាជន (UNFPA) ជាដើមព្រមទាំងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

លោក វង សូត បានឲ្យដឹងដែរថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើង នៅក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ស្មើនឹង ១,២ លាននាក់ នៃប្រជាជនសរុប ១៥លាននាក់ ហើយត្រូវបានព្យាករណ៍ នឹងមានកំណើនរហូតដល់ ១១% ស្មើនឹង ២លាននាក់) នៃប្រជាជនសរុបប្រមាណ ១៨លាននាក់ នៅឆ្នាំ២០៣០៕