(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រាប់ឲ្យបងប្អូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូន អាចទៅបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល នៅតាមធនាគារ។
ប.ស.ស បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨តទៅ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ត្រូវបើកជូនកម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនរួច តាមធនាគារអេស៊ីលីដា និងធនាគារឯកទេសវីង (Wing)។
សូមជម្រាបថា ចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨មក រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី ស្ដ្រីមានផ្ទៃពោះជាដើម ដូចជា ការពិនិត្យសុខភាពដោយឥតគិតថ្លៃ កម្មការិនីសម្រាលបានកូនម្នាក់ ទទួលបានថវិកា៤០ម៉ឺនរៀល កូនភ្លោះ២នាក់ ទទួលបានថវិកា ៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ក្រៅពីការពួកគេក៏អាចជិះរថយន្តក្រុងទៅមក ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃផងដែរ៕