(កំពង់ធំ)៖ លោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសទទួលស្គាល់សិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូច ដែលបានបង្កើតឡើង ដើម្បីគ្រប់គ្រង និងអភិវឌ្ឈន៍លើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលពឹងផ្អែកលើធនធានព្រៃឈើ ក្នុងការប្រើប្រាស់ និងកែច្នៃឲ្យអស់លទ្ធភាពនូវផល អនុផលដែលមានឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក ងួន សុជាតិ បានថ្លែងថា ការបង្កើតជាសមាគមកែច្នៃផល អនុផលប្រភេទតូចនេះ ពិតជាមានសារសំខាន់ណាស់ដែលបានអនុញ្ញាត ឲ្យប្រជាពលរដ្ឋធ្វើការកែច្នៃស្របតាមច្បាប់ និងមានភាពកក់ក្តៅ ដោយមានច្បាប់ជាអ្នកជួយគាំទ្រព្រមទាំងជាអ្នកប្រឹក្សាជូនពួកគាត់ នៅពេលដែលជួបបញ្ហាលើសពីនេះទៅទៀត រាល់ការដឹកជញ្ជូននូវសម្ភាររបស់ពួកគាត់ គឺមានការជួយសម្រួលនូវការលុបបំបាត់ នូវការទារប្រាក់ពីកុងត្រូលជជុះ ដែលប្រមុខដឹកនាំគ្រប់រូបតែងតែ អំពាវលុបបំបាត់ចោលជាដាច់ខាត ហើយការចងក្រងនេះក្នុងមួយក្រុមមានប្រាំគ្រួសារដែលតម្រូវឲ្យធ្វើការបង់ពន្ធ ជូនរដ្ឋ១ លានរៀលក្នុង១ឆ្នាំ។
លោក ងួន សុជាតិ បានបញ្ជាក់ថា ក្នុងការកែច្នៃនេះ ប្រភពធនធានដែលអាចយកមកគាំទ្រនូវ ក្នុងសកម្មភាពរបស់សហគមន៍ គឺជាប្រភពព្រៃសហគមន៍ទាំង៨៧ ក្នុងខេត្តកំពង់ធំ និងជ្រនាឈើរបស់ក្រុមហ៊ុនស្របច្បាប់ ដែលអាចយកកែច្នៃបាន។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសទេសចរណ៍ បានថ្លែងថា សហគមន៍ក្នុងឃុំចុងដូង ទាំង៣ភូមិគឺទី១៖ ភូមិចុងដូង, ទី២៖ ភូមិទួលដំណាក់ និងទី៣៖ ភូមិទទួលសាលាទាំង៣៥ ក្រុមសហគមន៍ នឹងទទួលបានភាពកក់ក្តៅមានការគាំរទ្រពីច្បាប់ មានការគាំពារពីលោកមេឃុំ លោកមេភូមិ និងមន្រ្តីជំនាញក្នុងការជួយគាំទ្រនូវការស្វែងរកប្រភពធនធានជូនសហគមន៍។
លោក ហោ សារុន បានបន្តថា ការបង្កើនសហគមន៍នៅឃុំចុងដូង មានជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់មិនទាន់ទទួលបាននូវសិទ្ធិស្របច្បាប់ នៅឡើយ ហើយក្នុងឱកាសនេះគាត់នឹងទទួល បាននូវសិទ្ធិកែច្នៃ ស្របច្បាប់ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយៈការការកែច្នៃ ផលិតផលក្នុងមូលដ្ឋានស្របច្បាប់។
លោក ហោ សារុន បានអំពាវនាវឲ្យមន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ជួយលើកស្ទួយ និងធ្វើការគោរពច្បាប់ព្រមទាំងអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីទទួលបាននូវភាពរីកចម្រើន និងមានការអភិវឌ្ឍន៍កម្រិតជីវភាពក្នុងមូលដ្ឋានពិតប្រាកដ។
លោកមេភូមិចុងដូង និងមេភូមិទួលដំណាក់ តំណាងប្រជាសហគមន៍ទាំង៣៥ ក្រុមសហគមន៍ សម្តែងនូវ ការសាទរចំពោះ រាជរដ្ឋាភិបាលជាពិសេស ប្រមុខថ្នាក់ដឹកនាំខេត្តដែលអនុញ្ញាត្តិ ឲ្យពួកគាត់មានសិទ្ធិស្របច្បាប់ក្នុងការកែរច្នៃផល អនុផលព្រៃឈើ និងលក់នូវផលិតផល របស់សហគមន៍ ក្នុងការជួយសម្រួលនូវកម្រិតជីវភាពរបស់ពួកគាត់ឲ្យមានភាពប្រសើរឡើង៕