(ក្រចេះ)៖ សិស្សានុសិស្សសាលាវិទ្យាល័យ សម្ដេច ហ៊ុន សែន ក្រុងក្រចេះ រាប់រយនាក់ បាននិងកំពុងតែគ្មានទឹកប្រើប្រាស់ ក្រោយក្រុមហ៊ុនទឹកស្អាតក្រុងក្រចេះ (ក្រុមហ៊ុនរកស៊ីលក់ទឹក) បានផ្ដាច់ទឹកចោល មូលហេតុខាងសាលា មិនមានលទ្ធភាព បង់ថ្លៃទឹកចំនួន២ខែ ស្មើទឹកប្រាក់ចំនួន២លានរៀល បន្ទាប់ពីប្ដូរកុងទ័រទឹកថ្មី ពោលលើសកុងទ័រចាស់ គុណនិង១០ដងឯណោះ។ នេះជាការថ្លែងប្រាប់របស់លោក អ៊ុក ទុំ នាយកវិទ្យាល័យមួយនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ និងសុំឲ្យជួយផ្សព្វផ្សាយផង។
លោក អ៊ុក ទុំ បានបញ្ជាក់ថា «ទឹកស្អាតក្រុងចេះ បានមកផ្ដាច់ទឹកនៅសាលា កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ ដោយមិនមានដំណោះស្រាយ»។
លោកនាយកបញ្ជាក់ទៀតថា កាលពីមុនសាលាធ្លាប់ប្រើប្រាស់ទឹក អស់ត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ ស្រាប់តែពេលប្ដូរកុងទ័រថ្មី តម្លៃកើនឡើងគុណនិង១០ដងឯណោះ។ ក្រោយតម្លៃខុសគ្នាច្រើនពេក សាលាគ្មានលទ្ធភាពបង់ផ្លៃជូនទឹកស្អាតនោះទេ។
លោកនាយកបានសរសេរលិខិតជាផ្លូវការ ស្នើឲ្យខាងទឹកស្អាតជួយរកដំណោះស្រាយ និងសុំដាក់កុងទ័រចាស់វិញ តែខាងទឹកស្អាតមិនដោះស្រាយជូននោះឡើយ រួចចុះមកផ្ដាច់ទឹកតែម្ដង។
លោកនាយកបន្ដទៀតថា ប្រសិនបើខាងទឹកស្អាត សម្រួលក្នុងកម្រិតណាមួយ ដែលអាចទទួលយកបាននោះ លោកសុខចិត្តរៃអង្គាសពីសិស្សបន្តិចបន្ទួច យកទៅបង់ជូន តែនេះវាច្រើនពេក លោកគ្មានលទ្ធភាពនោះទេ។ លោកថា អាណិតសិស្សណាស់សព្វថ្ងៃ ចង់ឲ្យសិស្សចេះកុំព្យូទ័រ លោកសុខចិត្តដើរសុំលុយគេដើម្បីដោះស្រាយ តែគ្រាន់ថ្លៃភ្លើង ក្នុង១ខែអស់៤០ម៉ឺនរៀល ហើយលោកពិតជាលំបាកណាស់។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយបាននោះទេ ពីមន្រ្តីរដ្ឋាករទឹកខេត្តក្រចេះ និងក្រុមហ៊ុននេះនៅឡើយទេ៕