(ភ្នំពេញ)៖ ផ្នែករថយន្តកែច្នៃពិសេសបែប Bespoke របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ប្រមូលផ្ដុំទៅដោយអ្នករចនាម៉ូត វិស្វករ និងវិចិត្រករ ដែលអាចជួយសម្រេចឲ្យបានតាមចក្ខុវិស័យដ៏មហិច្ឆិតា និងជាលក្ខណៈបុគ្គលរបស់អតិថិជនដ៏មានឥទ្ធិពល និងយល់ដឹងខ្ពស់ របស់ម៉ាកយីហោរថយន្ត Rolls-Royce នេះ។
សឹងតែគ្រប់រថយន្តទាំងអស់ដែលផលិតចេញពីរោងចក្រ Home of Rolls-Royce នៅទីក្រុង Goodwood ចក្រពភពអង់គ្លេស គឺជារថយន្តផលិតច្នៃពិសេសបែប Bespoke។ ឆ្នាំ ២០១៧ គឺជាឆ្នាំដែលរថយន្ត Rolls-Royce បានអភិវឌ្ឍការកែច្នៃបែប Bespoke ឲ្យរីកចម្រើនមួយកម្រិតទៀត ដែលជាលទ្ធផល ធ្វើឲ្យឆ្នាំ ២០១៧ ជាឆ្នាំដែលទទួលបានសមិទ្ធផលច្រើនបំផុតផងដែរ សម្រាប់ផ្នែក Bespoke ក្នុងប្រវត្តិសាស្ត្រ ១១៤ ឆ្នាំរបស់ម៉ាកយីហោរថយន្ត Rolls-Royce។ ខាងក្រោមនេះ គឺជាការបង្ហាញសង្ខេបអំពីរថយន្តដែលមានការរចនាម៉ូត និងវិចិត្រកម្មបែប Bespoke ប្រណីតបំផុត ដែលផលិតរួចរាល់ក្នុងរយៈកាលជាង ១២ ខែមកនេះ។
រថយន្ត Rolls-Royce «Sweptail» ជាការសម្រេចបានតាមសេចក្តីសុបិនរបស់អតិថិជនម្នាក់ដែលចង់បានរថយន្តដែលច្នៃប្រៀបដូចការធ្វើនាវា។ រថយន្ត «Sweptail» នេះត្រូវបានបង្ហាញនៅក្នុងឆ្នាំ ២០១៧ តំណាងឲ្យភាពប្រណីតពិតៗ ដែលធ្វើឲ្យការកែច្នៃបែប Bespoke យកលំនាំតាមការសាងសង់នាវា មានការអភិវឌ្ឍន៍មួយកម្រិតទៀត។ រថយន្ត «Sweptail» នេះ គឺជាសមិទ្ធផលកើតចេញ ពីការសហការរវាងអតិថិជន និងវិចិត្រករ ហើយរចនាបថនៃរថយន្តនេះជាសក្ខីកម្មបង្ហាញឲ្យឃើញថា ម៉ាកយីហោនេះ ជារថយន្តដែលផលិតដូចការ ផលិតនាវា ឈានមុខគេនៅក្នុងពិភពលោក ហើយក៏សបញ្ជាក់ឲ្យឃើញពីភាពកំពូលរបស់ខ្លួនខាងផលិតរថយន្តតាមការកែច្នៃបែប Bespoke ផងដែរ។ រថយន្តដែលប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ប្រណីតនេះ គឺអនុវត្តតាមវិធីសាស្ត្រនៃការផលិតរថយន្ត Rolls-Royce នាទសវត្ស ១៩២០ និង ១៩៣០។ ចក្ខុវិស័យរបស់អតិថិជនគឺចង់បានរថយន្តទ្វារពីរសាងសង់បែបនាវា ដែលមានបំពាក់ដំបូលកញ្ចក់។ លទ្ធផលដែលទទួលបានគឺស្នាដៃឯកដ៏ទាន់សម័យ។
រថយន្ត New Rolls-Royce Phantom ស៊េរីថ្មីត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីឆ្នាំ ២០១៧ ដោយទទួលបានការកោតសរសើរទូទាំងសកលលោក។ ចំណុចស្នូលនៃសម្រស់រចនាបថ របស់រថយន្តនេះគឺ «វិចិត្រសាល» ដែលជាផ្ទាំងតាប្លូ និងផ្ទាំងបញ្ជា ដ៏ទំនើបទាន់សម័យ និងប្រណណីតបែបថ្មី។ ផ្ទាំងកញ្ចក់ត្រូវបានតំឡើងនៅលើផ្ទៃតាប្លូ ដែលផ្ដល់ឱកាសឲ្យមានការបញ្ចូលនូវស្នាដៃសិល្បៈ នៅលើរថយន្តរបស់លោកអ្នក។ «វិចិត្រសាល» ជាការបង្កើតថ្មី ដែលធ្វើឲ្យចក្ខុវិស័យ និងទឹកដៃកំពូលក្នុងការប្រើប្រាស់វត្ថុធាតុដើម ដោយរថយន្ត Rolls-Royce រឹតតែមិនអាចប្រៀបបានថែមទៀត។
រថយន្ត Dawn និង Wraith នៅឯ Porto Cervo រថយន្តពិសេសប្លែកចំនួនពីរគ្រឿង ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ សម្រាប់ស្ទូឌីយោរដូវក្តៅរបស់ Rolls-Royce នៅ Porto Cervo នៃទីក្រុង Sardinia។ រថយន្ត Dawn ទ្វារពីរដែលផលិតបែប Bespoke និងរថយន្ត Wraith Black Badge ត្រូវបានកុម្ម៉ង់ជាពិសេសដើម្បីបង្ហាញពីសារសំខាន់នៃកោះដ៏ស្រស់បំព្រងមួយនេះ។
រថយន្ត Dawn ប្រើប្រាស់រចនាបថបែបសមុទ្រ ដែលធ្វើឲ្យនឹកឃើញដល់ការស្នាក់នៅលំហែក្នុងតំបន់ឆ្នេរមេឌីទែរ៉ាណេមួយនេះ។ រូបសញ្ញា Porto Cervo ដែលមានបញ្ចុះត្បូងខៀវពិតៗ និងគជ់ខ្យង់ ត្រូវបានដាំនៅលើតាប្លូមុខរបស់រថយន្តនេះ។ ពណ៌ខៀវទឹកសមុទ្រ លាយជាមួយនឹងពណ៌សនៅលើត្រង់ថតឥវ៉ាន់ និងកម្រាលបាត ជួយបំពេញបន្ថែមសម្រស់ដល់ផ្ទាំងឈឺម៉ៃសាក់នៅក្នុងរថយន្ត។
រថយន្ត Porto Cervo Wraith វិញ យកលំនាំតាមសម្រស់ពេលរាត្រីរបស់ទីក្រុង សាឌីនា (Sardinia)។ ផ្ទៃខាងក្រៅដែលមានពណ៌ពេជ្រខ្មៅ ត្រូវបានធ្វើឲ្យឆ្លុះភ្លឺថ្លាតាមរយៈការប្រប្រាស់ថ្នាំបែបរលោង និងឃ្មឹក ខណៈដែលដៃទ្វារខាងក្នុងដែលប្រើប្រាស់ស្បែកដេរពណ៌ខ្មៅ គឺជាលក្ខណៈសម្គាល់បែបងងឹត និងស្មុគស្មាញរបស់ម៉ូដែល Wraith Black Badge នៅក្រោមស្បៃរាត្រី។
រថយន្ត«Spirit of Calligraphy» Ghost ដែលកុម្ម៉ង់តែមួយគ្រឿងយ៉ាងពិសេសនេះត្រូវបានបង្ហាញនៅក្នុងទីក្រុងឌូបៃ កាលពីឆ្នាំ ២០១៧ ដែលការរចនាត្រូវបានយកលំនាំតាមស្នាដៃសិល្បៈបុរាណ នៃអក្សរអារ៉ាប់។ ពាក្យពេចន៍នានាត្រូវបានចាក់ពុម្ពចេញជារាងផ្សេងៗ ដែលបង្កើតបានជាទឹកដៃប្លែកដែលអក្សរ និងរូបភាពបង្កើតចេញជារូបតែមួយ។ ពាក្យមួយឃ្លារបស់លោក Sir Henry Royce ដែលនិយាយថា៖ “យកអ្វីដែលល្អបំផុតនិងមានស្រាប់ ហើយធ្វើឲ្យកាន់តែល្អជាងមុន។ ប្រសិនបើមិនមានទេ ត្រូវរចនាវាឡើង ដែលពាក្យនេះជាភាសាអារ៉ាប់ ត្រូវបានសរសេរចេញជាទេវរូបហោះហើរ របស់រថយន្ត Rolls-Royce។ រូបអក្សរពណ៌ទឹកប្រាក់នេះ ត្រូវបានបង្កើតដោយវិចិត្រករដ៏ល្បីល្បាញឈ្មោះថា Khaled Al Saai ដែល ត្រូវបានបញ្ចុះនៅចំកណ្ដាលផ្ទាំងតាប្លូ និងត្រូវបានប៉ាក់ដិន នៅចំកណ្ដាលពូកខាងក្រោយ រួមផ្សំនឹងស្បែកពណ៌ស លាយខ្មៅ និងមានពណ៌ខៀវទឹកសមុទ្រថែមទៀត។
រថយន្ត Ghost «Elegance» នេះ ត្រូវបានកុម្ម៉ង់សម្រាប់អ្នកប្រមូលវត្ថុម្នាក់ ដែលរថយន្តនេះបានអភិវឌ្ឍផ្នែក Bespoke ឲ្យឈានខ្ពស់មួយកម្រិតទៀត ដោយក្លាយជារថយន្តដំបូងគេ ដែលប្រើប្រាស់ថ្នាំលាយជាមួយគ្រាប់ពេជ្រ។ ថ្នាំនេះត្រូវបានដាក់ឈ្មោះថា «ហ្វូងតារាពេជ្រ» ទឹកថ្នាំដ៏ពិសេសប្លែកនេះមានលាយគ្រាប់ពេជ្រចំនួន ១,០០០គ្រាប់ ដែលត្រូវបានកិនឲ្យក្លាយជាម្សៅយ៉ាងម៉ដ្ឋ ដែលធ្វើឲ្យផ្ទៃខាងក្រៅមានពន្លឺភ្លឺផ្លេកគ្មានគូប្រៀប។ ផ្ទៃសងខាងរថយន្តត្រូវបានរំលេចបន្ថែមដោយគំនូសឆ្នូតភ្លោះពណ៌ក្រហម និងខ្មៅ ដែលឆ្លុះនឹងផ្ទៃខាងក្នុងដែលបំពាក់ដោយស្បែកពណ៌ខ្មៅ និងថ្នេររំលេចពណ៌ក្រហម ដែលថ្នេរពណ៌នេះបន្តមាននៅលើផ្ទៃទ្វារ និងឆ្នូតពូក។ បន្ទះឈើ Tudor Oak យ៉ាងរលោងនៅលើផ្ទៃតាប្លូ ត្រូវបានធ្វើឲ្យកាន់តែលេចធ្លោថែមទៀតតាម
រយៈ ថ្នេរទោលពណ៌ក្រហមនៅចំពីលើផ្ទាំងតាប្លូ និងបញ្ចប់ដោយនាឡិកាបែប Bespoke នៅលើនោះ។
រថយន្ត «Dawn in Fuxia» នៅក្នុងឆ្នាំ ២០១៧ អ្នកប្រមូលវត្ថុជនជាតិអាមេរិក លោក Michael Fux បានទទួលរថយន្តបែប Bespoke ទី ១០ របស់ខ្លួនពី Rolls-Royce។ បន្ទាប់ពីលោកបានទៅទស្សនកិច្ចនៅឆ្នេរ Pebble Beach នៅឆ្នាំ ២០១៦ ដែលទីនោះ លោកបានប្រមូលសំណុំត្របកផ្កា fuchsia លោកក៏បានឲ្យក្រុមការងារ Bespoke នៅ Goodwood ច្នៃរថយន្ត Dawn មួយគ្រឿងជាមួយនឹងពណ៌ថ្មីដែលទាក់ភ្នែក។ ជាលទ្ធផល រថយន្តនេះត្រូវបានបង្ហាញនៅឯកម្មវិធីប្រមូលផ្ដុំរថយន្ត Quail ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយរថយន្ត «Dawn in Fuxia» គឺជារថយន្តដែលមានពណ៌ពិសេសមួយទៀត ក្នុងចំណោមសំណុំពណ៌ពិសេសៗរបស់រថយន្ត Rolls-Royce ហើយពណ៌នេះ ទុកប្រើប្រាស់ផ្ដាច់មុខសម្រាប់តែលោក Fux ប៉ុណ្ណោះ។ ការកុម្ម៉ង់លើកនេះ គឺជារថយន្ត Dawn ទីពីររបស់លោក ហើយ បន្ទាប់ពីទទួលបានរថយន្ត Dawn ដំបូងដែលមានតែមួយគ្រឿង ឈ្មោះថា «Fux Blue» កាលពីឆ្នាំ ២០១៦។ ដើម្បីធ្វើឲ្យនឹកឃើញដល់រថយន្តទីមួយ ផ្ទៃក្នុងរបស់ “Dawn in Fuxia” ត្រូវបានបំពាក់ដោយស្បែកពណ៌សយ៉ាងស្រស់ស្អាត។
លើសពីនោះ រថយន្ត Rolls-Royce ច្នៃពិសេសបែប Bespoke នៅមានចំនុចពិសេសជាច្រើនទៀត ។សូមទស្សនារូបភាពនៃរថយន្ត Rolls-Royce ដូចខាងក្រោម៖