(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមទឹកចិត្តសប្បុរសធម៌ «ប៉ាយសួយឡាវយាន» នៃប្រទេសចិន ដឹកនាំដោយលោក CP Jacky នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ។ នៅក្នុងជំនួបពិភាក្សានេះ ក៏មានការួមពីអភិបាលរងខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ លោក CP Jacky បានជម្រាបជូនថា ដោយមានការសហការជាមួយអង្គការ ពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ សមាគមនឹងដឹកនាំក្រុមគ្រូពេទ្យ និងអ្នកស័្មគ្រចិត្តប្រមាណ២០០នាក់ ចុះជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅអំឡុងពាក់កណ្ដាលខែមីនា ឆ្នាំ២០១៨ខាងមុខ ដោយជ្រើសរើសក្រុង ស្រុកចំនួន៥ ក្នុងខេត្តស្វាយរៀង។
ទន្ទឹមនេះ លោកក៏បានសូមស្នើដល់លោកអភិបាលខេត្ត មេត្តាជួយសម្របសម្រួលរៀបចំទីតាំង កំណត់មុខសញ្ញាប្រជាពលរដ្ឋ ដែលត្រូវមកទទួលការព្យាបាល និងជួយការពារសន្តិសុខសុវត្ថិភាព ដល់ក្រុមការងារនៅក្នុងអំឡុងពេល នៃការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំង៥ក្រុង-ស្រុក ក្នុងខេត្តស្វាយរៀង។
លោក ម៉ែន វិបុល បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមទឹកចិត្តសប្បុរសធម៌ប៉ាយសួយឡាវយាន នៃប្រទេសចិន ដែលបានជ្រើសរើសខេត្តស្វាយរៀង ក្នុងការចុះមកជួយពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយសកម្មភាពដ៏ប្រពៃនេះ គឺជាចំណែកមួយដ៏សំខាន់ មិនអាចកាត់ផ្ដាច់បាន នៃទំនាក់ទំនងរវាងវិស័យសាធារណៈ និងសមាគម ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរនៅថ្នាក់ក្រោមជាតិ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត សូមស្វាគមន៍គាំទ្រ និងជួយសម្របសម្រួលជូនដល់សមាគម ក្នុងសកម្មភាពនៃការចុះមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងខេត្តស្វាយរៀងឲ្យបានល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន៕