Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ បញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន អ្នកដាំកញ្ឆានៅជើងភ្នំបាយ៉ង់កោ យកទៅផ្ដន្ទាទោសតាមច្បាប់

17-01-2018 16:00

(តាកែវ)៖ ក្នុងពិធីសំណាលសំណាល ជាមួយមន្ដ្រីរាជការទូទាំងស្រុកគិរីវង់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានបញ្ជាទៅអាជ្ញាធរ ស្រុកគីរីវង់ ឲ្យធ្វើការចាប់ខ្លួន អ្នកលូចដាំដំណាំកញ្ឆាមួយចំនួន នៅជើងភ្នំបាយ៉ង់កោ យកទៅផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីជាគំរូ កុំឲ្យប្រជាពលរដ្ឋដទៃទៀត យកសម្រាប់តាម។

ការព្រមានឲ្យសមត្ថកិច្ចចាប់ខ្លួន អ្នកលួចដាំដំណាំកញ្ឆា របស់លោកអភិបាលខេត្តតាកែវនេះ បានធ្វើឡើងខណៈដែលគេសង្កេតឃើញ សមត្ថកិច្ចស្រុកគីរីវង់ ចុះទៅកាប់ដើមកញ្ឆារាប់ម៉ឺនដើម មិនចេះអស់ទាល់តែសោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកអភិបាលខេត្តតាកែវ បានថ្លែងថា កន្លងមកមានការយោគយល់ច្រើន និងបានឲ្យអាជ្ញាធរ ភូមិ-ឃុំ និងស្រុកចុះធ្វើការអប់រំ ប្រជាពលរដ្ឋនៅជាប់ និងជើងភ្នំកុំឲ្យលួចដាំដំណាំ កញ្ឆាខុសច្បាប់តទៅទៀត ក៏ប៉ុន្តែការអប់រំនេះ ហាក់ដូចជាមិនទទួលបាន លទ្ធផលអ្វីទាល់តែសោះ។

អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា «វិធានការណ៍អប់រំស្ដាប់គ្នាមិនបាន គឺមានតែចាប់ខ្លួនបីបួននាក់ យកទៅផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីជាគំរូកុំឲ្យអ្នកដទៃទៀត យកគំរូអាក្រក់នេះតាម»

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានប្រាប់ឲ្យអាជ្ញាធរស្រុកគីរីវង់គ្រប់លំដាប់ថ្នាក់ ត្រូវតែប្រើវិធានការក្ដៅ ចំពោះជនខិលខូចណា ដែលលួចដាំដំណាំកញ្ឆានេះ ហើយក្នុងនាមអាជ្ញាធរដែនដី មិនត្រូវឆ្លើយថា មិនដឹងចំពោះម្ចាស់ចំការកញ្ឆានោះទេ៕