Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តព្រះវិហារ ផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស នៅវិទ្យាល័យគូលែន ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ

17-01-2018 15:58

(ព្រះវិហារ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយអង្គភាពពាក់ព័ន្ធ បានធ្វើការចុះផ្សព្វផ្សាយអប់រំ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ ដល់សិស្សានុសិស្ស នៅវិទ្យាល័យគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

លោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា ការចុះផ្សព្វផ្សាយអប់រំ ដល់សិស្សឲ្យយល់ដឹងអំពីសុវត្ថិភាព និងគុណភាពចំណី អាហារនៅពេលនេះ គឺមានការសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារ អាជ្ញាធរស្រុកគូលែន ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណង ឲ្យសិស្សានុសិស្សបានយល់ដឹង អំពីសុវត្ថិភាពចំណីអាហារមុននឹងទិញទៅទទួលទាន។

លោក ដួង មុន្នី បានបន្តថា បើសិស្សានុសិស្ស បានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារ បានច្បាស់លាស់នោះ ហាក់បីដូចជាបានចូលរួម ក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារ បានមួយផ្នែកធំដែរ។ ប៉ុន្តែបើសិស្សានុសិស្ស មិនបានយល់ច្បាស់ពីសុវត្ថិភាព និងគុណភាពចំណីអាហារទេ ចេះតែទិញមកបរិភោគ មិនបានត្រួតពិនិត្យមើលនោះ ច្បាស់ជាប៉ះពាល់ដល់សុខភាពមានជំងឺផ្សេងៗ នាំឲ្យក្រុមគ្រួសារ ខាតបង់ថវិកា ក្នុងការព្យាបាលជំងឺ មិនខាន ហើយក្រៅពីនោះ ធ្វើឲ្យខាតបង់ពេលវេលាសិក្សាមិនខាន។

ប្រធានសាខាកាំកុងត្រូល ក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្សមុនទិញ ម្ហូបអាហារយកមកបរិភោគ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ពីការវេចខ្ចប់ថ្ងៃខែផលិត ចៀសវាង នាំឲ្យបរិភោគទៅប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ លោក ដួង មុន្នី ក៏បានចែកនូវផុសស្ទ័រ សម្រាប់យកទៅបិទនៅជញ្ជាំងឲ្យប្អូនៗ សិស្សានុសិស្សយកទៅពិនិត្យសិក្សាស្វែងយល់ បន្ថែមដោយខ្លួនឯងផងដែរ៕