(ភ្នំពេញ)៖ រយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួយសម្របសម្រួល ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះនៅក្រៅប្រទេស ឱ្យត្រឡប់មកកម្ពុជាវិញ បានជិត១ពាន់នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងរយៈពេលពេញ១ឆ្នាំ ពោលចាប់ ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងការបរទេស បានជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី និងស្ត្រីខ្មែរ បានចំនួន៩៨៦នាក់ ពីការរងគ្រោះនៅប្រទេសចំនួន៩ ដែលមានពលករខ្មែររស់នៅ។
ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសទាំង០៩ ដែលក្រសួងការបរទេស ជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី និងស្ត្រីខ្មែរ រួមមាន៖
* ប្រទេសថៃ៖ មានពលរដ្ឋខ្មែរ ចំនួន២៨៨នាក់ (ប្រុស១៦៥នាក់ និងស្រី១២៣នាក់)
* ប្រទេសវៀតណាម៖ មានពលរដ្ឋខ្មែរ ចំនួន១៧១នាក់ (ប្រុស៥២នាក់ និងស្រី១១៩នាក់)
* ប្រទេសឡាវ៖ មានពលរដ្ឋខ្មែរ ចំនួន៤៩នាក់ (ប្រុស៤៥នាក់ និងស្រី៤នាក់)
* ប្រទេសមីយ៉ាន់ម៉ា៖ មានពលរដ្ឋខ្មែរ ចំនួន៣នាក់
* ប្រទេសម៉ាឡេស៊ី៖ មានពលរដ្ឋខ្មែរ ចំនួន៣៨២នាក់ (ប្រុស១៣៧នាក់ និងស្រី២៤៥នាក់)
* ប្រទេសឥណ្ឌូណេស៊ី៖ មានពលរដ្ឋខ្មែរ ចំនួន២៣នាក់ (ប្រុស២១នាក់ និងស្រី២នាក់)
* ប្រទេសសិង្ហបុរី៖ មានពលរដ្ឋខ្មែរ ចំនួន៥នាក់ ក្នុងនោះ៤នាក់ ជាពលការិនីជួបការលំបាកក្នុងការងារ និង១នាក់ ជាពលករលើទូកនេសាទ។
* ប្រទេសចិន៖ មានពលរដ្ឋខ្មែរ ជាស្រ្តីចំនួន៥៣នាក់
* ប្រទេសជប៉ុន៖ មានពលរដ្ឋខ្មែរ ចំនួន១២នាក់។
ដោយឡែកសម្រាប់ ការសម្របសម្រួលជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋ/ពលករខ្មែរ ត្រូវបានអាជ្ញាធរថៃ ចាប់ឃាត់ខ្លួន ពីបទរស់នៅ និងធ្វើការដោយខុសច្បាប់ ក្នុងប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានចំនួនជាមធ្យមប្រមាណពី ១០០០ ទៅ១២០០នាក់ ក្នុង១សប្តាហ៍៕