(ភ្នំពេញ)៖ គ្រាទំនាក់ទំនងកម្ពុជា-ចិន កំពុងពង្រីកកាន់តែខ្លាំង ហើយទំហំវិនិយោគចិននៅកម្ពុជា មានកាន់តែច្រើនដែរនោះ គេសង្កេតឃើញថា ទំនាក់ទំនងក្នុងផ្នែកពាណិជ្ជកម្មរបស់ពលរដ្ឋប្រទេសទាំងពីរក៏កំពុងតែមមាញឹកផងដែរ។ ការទទួលបានព័ត៌មានពីគ្នាទៅវិញទៅ មករវាងប្រជាពលរដ្ឋកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា នៅតែជារណាំងនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋទាំងពីរ។
ដើម្បីទម្លុះរណាំងនៃទំនាក់ទំនង ក៏ដូចជាចង់ឲ្យពលរដ្ឋចិន និងអ្នកវិនិយោគចិន បានទទួលព័ត៌មានរបស់កម្ពុជាកាន់តែច្រើន ក្រុមហ៊ុនលើ វិស័យព័ត៌មានដ៏ធំមួយរបស់ចិន មានមូលដ្ឋាននៅតំបន់ស្វយ័តក្វាងស៊ី (Guangxi China News Culture & Innovation Media Co., Ltd.) បានចាប់ដៃជាមួយក្រុមហ៊ុននៅកម្ពុជាបង្កើតក្រុមហ៊ុនផ្សព្វផ្សាយមួយមានឈ្មោះថា ខេមបូឌា ហ៊ែតឡាញ (Cambodia Headline)។ ខេមបូឌា ហ៊ែតឡាញ បានបង្កើតកម្មវីធីផ្តល់ព័ត៌មានលើទូរស័ព្ទឆ្លាតវៃ (Smart Phone) ដែលមានឈ្មោះថា ASEAN TOP។
ពិធីបើកសម្ពោធប្រព័ន្ធផ្សព្វផ្សាយថ្មីក្រោមកិច្ចសហការរវាងចិន និងកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា អ្នកស្រី Zou Wenxing និងតំណាងក្រុមហ៊ុនមក ពីប្រទេសចិន និងតំណាងក្រុមហ៊ុននៅកម្ពុជា ព្រមទាំងម្ចាស់ស្ថាប័នព័ត៌មាន និងអ្នកព័ត៌មានជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។
លោក សំ រតនា អនុប្រធានក្រុមហ៊ុន ប៊ី ភី មេឌា បានថ្លែងឲ្យដឹងថា កម្មវិធីផ្តល់ព័ត៌មានដែលដំណើរការលើទូរស័ព្ទឆ្លាតវៃ «ASEAN TOP» នឹងផ្តល់ព័ត៌មានផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយផ្សាយជាភាសាខ្មែរ និងភាសាចិន។ បើតាមលោក រតនា ក្រៅពីផ្តល់ព័ត៌មានហើយនោះ «ASEAN TOP» នឹងមានបំពាក់នូវមុខងារសេវាកម្មជាច្រើនទៀត ដូចជា សេវាកម្មទេសចរណ៍ E-Commerce និងសេវាកម្មទូទាត់ប្រាក់ Online និងសេវាកម្មផ្សេងៗទៀត ដើម្បីឲ្យអតិថិជនប្រើប្រាស់បានរហ័សទាន់ចិត្ត និងដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ។
អ្នកស្រី Zhou Qun ប្រធានក្រុមហ៊ុន Guangxi China News Culture & Innovation Media មកពីតំបន់ស្វយ័តក្វាងស៊ី បានថ្លែង «ASEAN TOP» មានគម្រោងសហការជាមួយបណ្តាញផ្សព្វផ្សាយគ្រប់ប្រទេសក្នុងតំបន់អាស៊ាន ដើម្បីផ្សព្វផ្សាយព័ត៌មានរបស់ប្រទេស ក្នុងតំបន់អាស៊ានទៅកាន់ប្រទេសចិន និងផ្សព្វផ្សាយព័ត៌មានរបស់ចិន ទៅកាន់ប្រទេសសមាជិកអាស៊ានទាំង១០។ តែក្រុមហ៊ុនធ្វើជាមួយ កម្ពុជាមុនគេ ព្រោះតែទំនាក់ទំនង និងការវិនិយោគរវាងកម្ពុជា និងចិន កំពុងតែមានសន្ទុះខ្លាំង។
«យើងធ្វើទាំងអស់ជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីផ្សព្វផ្សាយព័ត៌មានរវាងប្រទេសនៅអាស៊ាន ជាមួយចិន ក៏ដូចចិន ជាមួយអាស៊ាន តែសម្រាប់ជំហ៊ានដំបូង ក្រុមហ៊ុន Guangxi China News Culture & Innovation Media ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ព្រោះកម្ពុជា-ចិន កំពុងពង្រីកនូវចំណងទំនាក់ទំនងជាមួយគ្នា ហើយការវិនិយោគក៏កំពុងតែពង្រីកយ៉ាងខ្លាំងក្លា»។ អ្នកស្រី Zhou Qun បញ្ជាក់បន្ថែម។
ទាំងតំណាងក្រុមហ៊ុនផ្សព្វផ្សាយចិន អ្នកស្រី Zhou Qun និងតំណាងស្ថានទូតរបស់ចិននៅកម្ពុជា អ្នកស្រី Zou Wenxing សុទ្ធតែមាន សុទិដ្ឋិនិយមថា ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានថ្មី ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននេះ នឹងជួយឲ្យពលរដ្ឋចិន ទទួលបានព័ត៌មានកាន់តែច្រើនពីប្រទេសកម្ពុជា ហើយក៏រួមចំណែកធ្វើឲ្យទំនាក់ទំនងចិន និងកម្ពុជាកាន់តែល្អប្រសើរស្របតាមទស្សនៈរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានបង្ហាញក្តីរីករាយផងដែរ ចំពោះវត្តមានក្រុមហ៊ុនផ្សព្វផ្សាយថ្មីមួយនេះ។ លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្តល់ព័ត៌មានពាក់ព័ន្ធជាមួយប្រទេសកម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន ក៏ដូចជាព័ត៌មានរបស់ចិន មកកាន់ប្រទេសកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំពឹងថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយថ្មីនេះ នឹងជួយធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា-ចិន មានទំនាក់ទំនងជាមួយ គ្នាកាន់តែល្អប្រសើរ៕