(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សមិទ្ធផលដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺមានការតស៊ូ និងប្រឹងប្រែងយ៉ាងលំបាកខ្លាំងណាស់ ដូច្នេះមិនត្រូវឲ្យមានការបំផ្លេចបំផ្លាញពីសំណាក់ឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះឡើយ។
ការមានប្រសាសន៍បែបនេះ របស់សម្ដេចតេជោយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីសរុប១៦,៩០៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ការងារ និងប្រាក់ចំណូលដែលក្មួយៗកំពុងមាននេះ ត្រូវការពារវាឲ្យបានយើងរកវា រកបាន ដោយលំបាកណាស់ មិនត្រូវឲ្យអ្នកណាបំផ្លាញទោះបីជាឧទ្ទាមក្នុងព្រៃ ឬឧទ្ទាមទីក្រុង ក៏មិនផ្ដល់ការអនុញ្ញាតឲ្យបំផ្លិចបំផ្លាញនូវអ្វី ដែលបាននិងកំពុងមានរួចមកហើយនោះទេ រហូតមកដល់ថ្ងៃនេះគឺមានការតស៊ូយ៉ាងខ្លាំង»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានរំលឹកថា គ្មានប្រទេសណាដែលកម្សត់ និងលំបាកដូចកម្ពុជាកាលពីអតីតកាលនោះទេ តែពេលបច្ចុប្បន្នកម្ពុជា បានប្រឹងប្រែងរើបម្រាស់ ចេញពីភាពកម្សត់ និងភាពក្រីក្រ រហូតគេចផុតពីឋានៈប្រទេសក្រីក្រ ប្រជាជនក្រីក្រ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយប្រជាពលរដ្ឋមានប្រាក់ចំណូលជិត១,៥០០ដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាព និងក្ដីសប្បាយរីករាយ ចំពោះសមិទ្ធផលនៅកម្ពុជានាពេលបច្ចុប្បន្ន តែសម្តេចបានផ្តាំផ្ញើទៅកម្មករ កម្មការិនីថា សមិទ្ធផលទាំងនេះ មិនមែនធ្លាក់ពីលើមេឃ និងកើតក្នុងដំណាក់កាលប្រទេសកើតសង្គ្រាមនោះឡើយ។
ផ្ទុយទៅវិញសមិទ្ធផលទាំងនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ គ្រប់រូបតាំងពីជីដូនជីតាមកម្ល៉េះ។ សម្តេចតេជោថា គ្មានភាពជោគជ័យ និងការរីកចម្រើនណាមួយកើតចេញ ឬ សម្រេចបានដោយគ្មានការចូលរួមនោះឡើយ។
យ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកដល់កម្មករ កម្មការិនីថា សង្គ្រាមបានបំភ្លេចបំផ្លាញសព្វបែបយ៉ាង ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាព ទប់ស្កាត់ការបង្កភ្លើងសង្គ្រាម ព្រោះផលលំបាកនៃភ្លើងសង្គ្រាមនេះមានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ មិនមានប្រទេសណាមកលំបាកជាមួយកម្ពុជានោះឡើយ៕