(តាកែវ)៖ ឈើគ្រញូងមានទម្ងន់ជិត២តោន ដែលក្រុមឈ្មួញខិលខូចបម្រុង នាំទៅលក់នៅប្រទេសវៀតណាម ត្រូវបានមន្រ្តីកងរាជអាវុធខេត្តតាកែវ ធ្វើការចុះទៅបង្រ្កាបបាន នៅផ្ទះដែលទុកចោលមួយកន្លែង ស្ថិតនៅក្នុងភូមិបន្ទាយធ្លាយ ឃុះព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ការចុះទៅបង្រ្កាប ទីតាំងស្តុកឈើខាងលើនេះ បានធ្វើឡើងនាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនិតិវិធីពី លោកព្រះរាជអាជ្ញាខេត្តតាកែវ ជាវ ចាន់តារា ។

ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ឈើគ្រញូងដែលមន្រ្តីរបស់លោក បង្រ្កាបបាននេះ ត្រូវបានបញ្ចូនមកទុកជាបណ្ដោះអាសន្ន នៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយបានធ្វើការថ្លឹងទម្ងន់នៅនឹងកន្លែង ដោយមានការចូលរួមពីសំណាក់លោកព្រះរាជអាជ្ញាខេត្ត និងមន្រ្តីរដ្ឋបាលព្រៃឈើផងដែរ។

លោកឧត្តមសេនីយ៍ បានបន្តថា បន្ទាប់ពីវាស់វែង និងថ្លឹងទម្ងន់រួចរាល់ មន្រ្តីរបស់លោកនឹងកសាងសំណុំរឿង បញ្ជូនឈើគ្រញូងទៅ ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តតាកែវ ដើម្បីចាត់ការបន្តទៅទៀត។ ដោយឡែកម្ចាស់ឈើ សមត្ថកិច្ចកងរាជអាវុធហត្ថ កំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួន៕