(ភ្នំពេញ)៖ ក្រោយពីតុលាការបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទ​ «ឆបោក» មួយករណី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨កន្លងទៅនោះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំខ្លួន បុរស​២នាក់ដែល ប្រើបានតួនាទីជាអង្គរក្សក្លែងក្លាយ ដើរលក់ដីខ្យល់​បោកលុយពលរដ្ឋ​ទៅសាកសួរបន្ថែម ពាក់ព័ន្ធបទចោទ​៣ថ្មីបន្ថែមទៀត។

យោងតាមប្រភពពី មន្ត្រីពន្ធនាគារបានឲ្យដឹងថា លោក សេង លាង ជាចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ ទី១៖ ឈ្មោះ ស៊ុន សៀង អាយុ​៤៨ឆ្នាំ និងទី២៖ ឈ្មោះ ហេង សាន ​អាយុ​៤៥​ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី សាកសួរពាក់ព័ន្ធ​បទចោទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ដែលបានប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា​៦២៧ ​មាត្រា​៦២៨ ​មាត្រា​៣៧៧ និងមាត្រា​៣៧៨ នៃក្រមព្រហ្មទណ្ឌ។

យោងតាមប្រភពពីមន្ត្រីតុលាការ បានបង្ហើបថា ក្រៅពី​ក្លែងបន្លំ ប្រើប្រាស់​ឯកសារក្លែង និងឆបោក​ប្រជាពលរដ្ឋ​រឿងទិញលក់ដីនោះ ជនត្រូវចោទទាំង​២នាក់ខាងលើ ថែមទាំងបាន​ប្រើតួនាទីជា កងអង្គរក្សក្លែងក្លាយ ទៅអួតអាងឲ្យប្រជាពលរដ្ឋជឿជាក់លើពួកគេ និងគំរាមអាជ្ញាធរ​មូលដ្ឋានថែមទៀតផង។

គួររំលឹកថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទទាំង​២នាក់ខាងលើនេះ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨​ ដោយធ្វើឡើងតាមដីកា បង្គាប់ឲ្យនាំខ្លូន លេខ ១០០៦ «ឃ១» ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង​ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០០៧ «​ឃ១» ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដី ចំនួន​៦,០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឲ្យដើមបណ្តឹង៕