(ភ្នំពេញ)៖ ក្រុមហ៊ុន Epson នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញនូវផលិតផលម៉ាស៊ីនព្រីន L-Series Inktank ម៉ាស៊ីន Projector និងម៉ាស៊ីនស្ដេនស៊េរីទំនើបៗ ជាច្រើនម៉ាក ច្រើនម៉ូដែល ដើម្បីដល់តម្រូវការដ៏ចាំបាច់ របស់សហគ្រាស ខ្នាតតូច និងមធ្យម អាជីវកម្ម និងក្រុមហ៊ុនធុរកិច្ចជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Epson ប្រចាំប្រទេសថៃ បានថ្លែងថា «ក្នុងរយៈពេល កន្លងមកនេះ ម៉ាស៊ីនព្រីន Inktank និង Projector របស់ Epson បានទទួលការគាំទ្រ និងជោគជ័យគួរជាទីមោទនៈ។ ក្រុមហ៊ុនបានលក់ផលិតផល ម៉ាស៊ីនព្រីនម៉ាក L-Series អស់ដល់ទៅ ២០ លានគ្រឿងរួចទៅហើយ ក្នុងប្រទេសជាង ១៥០ នៅទូទាំងពិភពលោក»

លោក Yunyong Muneemongkoltorn​ បានបន្ដទៀតថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ម៉ាស៊ីនព្រីនរបស់ Epson មានចំណែកទីផ្សាររហូតម៉ាស៊ីន Projector។ ចំពោះការលក់ វិញ Epson បានក្លាយជាម៉ាកយីហោល្បីលេខ១ ខាងផលិតផល ម៉ាស៊ីន Projector អស់រយៈពេល១៦ឆ្នាំជាប់ៗគ្នា ហើយបានអះអាងថា មានចំណែកទីផ្សារប្រមាណ៣៧.៣%នៅក្នុង តំបន់។

នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ប្រចាំប្រទេសថៃ Epson បានបញ្ជាក់ថា Epson គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល អេឡិចត្រូនិកតែមួយគត់ ដែលបានដាក់រួមបញ្ចូលនូវមុខងារ បោះពុម្ព ឌីជីថលដោយស្វ័យប្រវិត្ដ នៅក្នុងម៉ាស៊ីន ព្រីន។ ត្រូវបានបង្កើតឡើងដោយ Epson មុខងារនេះ អាចសន្សំសំចៃចំពោះការចំណាយលើក្រដាសបានរហូតដល់ទៅ ៥០% ឯណោះ សម្រាប់ការប្រើប្រាស់នៅតាមការិយាល័យ។

នាយកគ្រប់គ្រងទូទៅរូបនេះ បានបន្ថែមទៀតថា «Epson ជឿជាក់ថា ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសកម្ពុជា រាប់តាំងពីអាជីវកម្មខ្នាតតូចរហូតដល់សាជីវកម្មធំៗ និងគ្រឹះស្ថានអប់រំ ទាំងឡាយ នឹងទទួលបានយក ហើយស្វាគមន៍យ៉ាងកក់ក្ដៅ នូវផលិតផលដែលត្រូវបានបញ្ចេញដាក់លក់នាពេលនេះ ហើយពិតជានឹងផ្ដល់ការកោតសរសើរ ដល់ម៉ាកផលិតផល របស់យើងកាន់តែខ្លាំងក្លាបន្ថែមទៀត»

សូមជម្រាបថា ក្រុមហ៊ុន Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្ដោតសំខាន់លើការភ្ជាប់ ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់៕